ភ្នំភ្លើង Lewotobi Laki-Lakiកំពុងផ្ទុះឡើង រដ្ឋាភិបាលឥណ្ឌូនេស៊ីចេញបញ្ជាឱ្យជម្លៀសពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ
ឥណ្ឌូនេស៊ី ៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ភ្នំភ្លើង Lewotobi Laki-Laki ដ៏សកម្មនៅនៅលើដែនកោះ Flores ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី ផ្ទុះឡើងជំរុញឱ្យរដ្ឋាភិបាលចេញបញ្ជាឱ្យជម្លៀសប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះ ដោយប្រកាសអាសន្នកម្រិតខ្ពស់បំផុត។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន channelnewsasia នៅថ្ងៃនេះ។
មន្ត្រីក្នុងតំបន់បានប្រាប់ AFP នៅថ្ងៃពុធនេះថា «ប្រជាជនត្រូវបានជម្លៀសភ្លាមៗទៅកាន់ទីតាំងដែលស្ថិតក្នុងសុវត្ថិភាព ដើម្បីជៀសវាងគ្រោះថ្នាក់ដែលបង្ករដោយកម្អែពីភ្នំភ្លើង។ អាជ្ញាធរក្នុងតំបន់បានបង្កើតជម្រកបណ្តោះអាសន្នចំនួនពីរ ដែលបច្ចុប្បន្នកំពុងផ្ទុកមនុស្សប្រហែល ៥០០០នាក់។
ប្រធានមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រ (PVMBG) លោក Hendra Gunawan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្រុកត្រូវបានគេណែនាំឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ដែលអាចកើតមាន នៅពេលដែលលំហូរភក់នៃភ្នំភ្លើងបានហូរចូលទៅក្នុងទន្លេ។ លោកបានបន្ថែមថា មនុស្សគួរតែពាក់ម៉ាស់ «ដើម្បីការពារគ្រោះថ្នាក់នៃផេះភ្នំភ្លើងដល់ប្រព័ន្ធដង្ហើម»។
អាជ្ញាធរឥណ្ឌូណេស៊ីក៏បានប្រកាសពីស្ថានភាពប្រកាសអាសន្ននៃភ្នំភ្លើងមួយទៀត គឺភ្នំភ្លើង Marapi ដែលស្ថិតនៅលើកោះស៊ូម៉ាត្រា ដល់កម្រិតខ្ពស់បំផុតទីពីរ និងបានដាក់តំបន់ហាមឃាត់ចម្ងាយ 4.5 គីឡូម៉ែត្រដែលជំរុញឱ្យមានជន្លៀស អ្នកស្រុកជាង ២០០០នាក់ទៅកាន់ទីជម្រកបណ្តោះអាសន្ន។ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថា ផេះភ្នំភ្លើងក៏បានបង្ខំឱ្យអាកាសយានដ្ឋាន Frans Seda ដែលមានចំងាយជាង 80 គីឡូម៉ែត្រត្រូវបិទចាប់តាំងពីថ្ងៃចន្ទ៕
អត្ថបទទាក់ទង
-
គ្រូពេទ្យនៅប្រទេស ឥណ្ឌូនេស៊ី ២៥នាក់