ឥណ្ឌូណេស៊ី ៖ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃអង្គារ សប្តាហ៍នេះ មានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងវាយកម្ទេចកីឡដ្ឋានដែលជាកន្លែងនៃសោកនាដកម្មរត់ជាន់គ្នាស្លាប់មនុស្សជាង ១៣០ នាក់នៅដើមខែនេះ) ហើយក៏នឹងសាងសង់ឡើងវិញតាមបទដ្ឋានត្រឹមត្រូវរបស់ (FIFA) ។ លោកបានបន្ថែមទៀតថា លោកបានយល់ព្រមក្នុងការផ្លាស់ប្តូរឱ្យបានហ្មត់ចត់បំផុត ដោយគ្រប់ទិដ្ឋភាពនៃការរៀបចំ គឺត្រូវតែផ្អែកលើបទដ្ឋានរបស់ FIFA ។

លោកប្រធានាធិបតីលើកឡើងទៅកាន់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋ បន្ទាប់ពីជួបគ្នាជាមួយប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino ដោយបានប្តេជ្ញាចិត្តថានឹងផ្លាស់ប្តូរកីឡដ្ឋានឱ្យបានហ្មត់ចត់ដើម្បីធានាថាវានឹងបន្ថែមសុវត្ថិភាពឱ្យបានប្រសើរជាងមុន ។

សោកនាដកម្មរត់ជាន់គ្នា បានកើតឡើងបន្ទាប់ពីការប្រកួតបាល់ទាត់នៅទីក្រុង Malang កាលពីយប់ថ្ងៃទី១ ខែតុលា បានបណ្តាលឱ្យមនុស្សជាង ១៣០នាក់ស្លាប់ ដោយគេនាំគ្នាស្តីបន្ទោសចំពោះទង្វើរបស់មន្ត្រីនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងកីឡដ្ឋាន ក្នុងវិធានការគ្រប់គ្រងមនុស្សដែលកំពុងជ្រួលច្របល់ បើទោះបីជាត្រូវបានហាមឃាត់ដោយ FIFA ក៏ដោយ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ