កម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ភ្នំពេញ ៖ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច ប៉ុន្តែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
នាឱកាសអញ្ជើញបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹង ស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយអ្នកសារព័ត៌មាននៅកម្ពុជា រៀបចំឡើងនាពេលថ្មីៗ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក ជួប ប៉ារីស៍ បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ក្នុងនោះ បានកំណត់គោលនយោបាយអាទិភាព៣ គឺស្អាត បៃតង និងចីរភាព។
លោក ជួប ប៉ារីស៍ បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ គឺការកាត់បន្ថយ សំណល់ប្លាស្ទិក ដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុល ពីសំណល់។
ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បានលើកឡើងថា វិស័យព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត គឺជាកត្តាជំរុញដ៏សំខាន់ នៃការលុបបំបាត់ការបញ្ចេញកាបូន នៅកម្ពុជា ដើម្បីក្លាយជាអាងស្រូបកាបូន នៅឆ្នាំ២០៥០ និងដើម្បីប៉ះប៉ូវចំពោះការបញ្ចេញឧស្ម័ន ដែលនៅសល់ពីវិស័យផ្សេងទៀត។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការផ្តល់កូនឈើជូនប្រជាពលរដ្ឋដាំក្នុង១ឆ្នាំ១លានដើម ដើម្បីជាវិធានការដើម្បីកាត់បន្ថយការបាត់បង់ព្រៃឈើ និងបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តនេះ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈទទួលបានប្រយោជន៍ ពីការអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕