រដ្ឋមន្ត្រីជប៉ុន៤រូបដាក់ពាក្យលាលែងពីតំណែង ដោយសាររឿងអាស្រូវពុករលួយក្នុងទំហំទឹកប្រាក់៣,៤លានដុល្លារ
ជប៉ុន៖ រដ្ឋមន្ត្រីជប៉ុន៤នាក់បានដាក់ពាក្យលាលែងពីតំណែងនៅថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ នៅពេលលោកនាយករដ្ឋមន្ត្រី Fumio Kishida កំពុងជាប់វិលវល់នឹងរឿងអាស្រូវពុករលួយធំមួយនៅក្នុងគណបក្សគ្រប់គ្រងប្រទេស។
វិបត្តិគណៈរដ្ឋមន្ត្រីនេះមានឡើងនៅក្រោយមានការចោទប្រកាន់អំពីរឿងពុករលួយមានទឹកប្រាក់៣,៤លានដុល្លារនៅក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយម មានបក្ខពួកច្រើនដែលបានគ្រប់គ្រងប្រទេសជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំទីបីក្នុងពិភពលោក។
របាយការណ៍បណ្តាញសារព័ត៌មានចែងថាក្រុមព្រះរាជអាជ្ញានឹងចាប់ផ្តើមឆ្មក់ចូលការិយាល័យនិងសាកសួរចម្លើយសមាជិកសភារាប់សិបនាក់នៅចុងសប្តាហ៍នេះ។ អគ្គលេខាធិការគណៈរដ្ឋមន្ត្រីលោក Hirokazu Matsuno បានបញ្ជាក់ថាលោកចុះចេញពីតំណែងហើយថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មលោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Junji Suzuki និងលោក Ichiro Miyashita រដ្ឋមន្ត្រីក្រសួងកសិកម្មបានដាក់ពាក្យលាលែងពីតំណែងដែរ។
ជាមួយគ្នានោះដែរ លោក Matsuno ដែលជាប្រធានអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយប្រាប់ក្រុមអ្នកកាសែតថាលោកស្រី Michiko Ueno ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីប្រាំនាក់ក៏ចាកចេញពីតំណែងដែរ។៕