ក្រុមឧក្រិដ្ឋជនវៀតណាម និងចិន៤នាក់ ជួញដូរគ្រឿងញៀនជិត៦០គីឡូក្រាម ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប
ភ្នំពេញ៖ ជនជាតិវៀតណាម២នាក់ និងចិន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ឃាត់ខ្លួនពាក់ព័ន្ធលើករណីជួញដូរ និងរក្សាទុកគ្រឿងញៀនទម្ងន់៥៨,៦៣៨គីឡូក្រាម។
មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងកាលពីថ្ងៃទី២១ម្សិញមិញថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១១) សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបករណីជួញដូររក្សាទុកគ្រឿងញៀន នៅពីរគោលដៅផ្សេងៗគ្នារួមមានគោលដៅ បណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងគោលដៅ បុរីមួយកន្លែង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់រួមមាន៖ទី១. ឈ្មោះ ហ្ស៊ី ជី XIE JIE ភេទប្រុស ជនជាតិចិន អាយុ២៧ឆ្នាំ, ទី២.ឈ្មោះ លី មីញហ៊ុយ LE MINH HUY ភេទប្រុស ជនជាតិវៀតណាម អាយុ២១, ទី៣.ឈ្មោះ ត្រាន់ ង៉ុកផាត់ TRAN NGOC PHAT ភេទប្រុស ជនជាតិវៀតណាម អាយុឆ្នាំ២២ និងទី៤. ឈ្មោះ ហ្សាង ប៉ីប៉ី ZANG PEIPEI ភេទប្រុស ជនជាតិចិន អាយុ៣៣។
មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ គ្រឿងញៀនមានទម្ងន់សរុប៥៨,៦៣៨ គីឡូក្រាមរួមមាន៖ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់២៦,៤៦គីឡូក្រាម, សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់២៨,៣៨០គីឡូក្រាម, សារធាតុញៀនកេតាមីន (Ketamine) ទម្ងន់0,៨៣២ក្រាម, សារធាតុញៀននីមេតាហ្សេប៉ាម ទម្ងន់២,៩៦៦គីឡូក្រាម។ សារធាតុផ្សំបង្កើនបរិមាណ ទម្ងន់៣៣៦,៤០គីឡូក្រាម និងសារធាតុមិនច្បាស់៣,៩៦៦គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរឹបអូស ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕