ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូមួយ ដែលមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ តាមរយៈសារលិខិតបានផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ។
សម្តេចធិបតី បានលើកឡើងថា “វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ក្រុមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន» ពិតជាមានសារៈសំខាន់បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មាន តាមប្រព័ន្ធអនឡាញ ដែលទាមទារឲ្យមានការយកចិត្ត ទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនសមត្ថភាព របស់អ្នកសារព័ត៌មាន និងបង្កើនទំនុកចិត្ត ដល់សាធារណជន។
ក្នុងឱកាសនេះ សម្តេច នាយករដ្ឋមន្ត្រី កោតសរសើរ ចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលនេះជាកម្លាំងចលករ ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសមានការរីកចម្រើន ប្រកបដោយចីរភាព ដោយសម្លឹង ឆ្ពោះទៅបង្គោលចរណ៍ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសា្ថប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានដែលបានចុះយកព័ត៌មាន ការចែករំលែកព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានបានរហ័ស ទាន់សភាពការណ៍ និងទូលំទូលាយទាំងនៅក្នុងក្របខណ្ឌជាតិ អន្តរជាតិ ដើម្បីស្វែងយល់អំពីសភាពការណ៍ពិត នៅកម្ពុជា ពិសេសព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្ត្រ នាពេលកន្លងមក ។
ក្នុងនោះ សម្តេច បានគូសបញ្ជាក់ថា “សមិទ្ធ័ផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលទទួលបាននាពេលកន្លងមក គឺមានការចូលរួម យ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះបង្ហាញពីភាពជាដៃគូ ដែលមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មាន”។
សម្តេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឲ្យមានការបណ្តុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឲ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ”៕EB