សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនទាន់មានតម្រូវការ ឱ្យក្រុមហ៊ុនបរទេសមកវិនិយោគ នូវអាជីវកម្មតាក់ស៊ីអគ្គិសនីឡើយ
ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា មិនទាន់មានតម្រូវការ ឱ្យក្រុមហ៊ុនបរទេសមកវិនិយោគ បើកអាជីវកម្មតាក់ស៊ីអគ្គិសនីឡើយ ខណៈរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ប្រជាពលរដ្ឋ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា អំឡុងទស្សនកិច្ចនៅវៀតណាម សម្ដេច បានជួបពិភាក្សាជាមួយក្រុមហ៊ុនតាក់ស៊ី Vin Group ដែលមាននៅប្រទេសនានាជាង ៣០០ប្រទេស ក្នុងពិភពលោក។ អំឡុងពិភាក្សានោះ ក្រុមហ៊ុនវៀតណាម បានលើកសំណើចង់បណ្ដាក់ទុនដោយដាក់រថយន្តតាក់ស៊ី ចំនួន ២៥០០គ្រឿង ឱ្យដំណើរការនៅកម្ពុជា តែរាជរដ្ឋាភិបាលមិនបានអនុញ្ញាតនោះទេ។
សម្ដេច បន្ដថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ គឺផ្ដោតអាទិភាពចម្បងទៅលើក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភឱ្យសោះ ព្រោះកម្ពុជា មិនទាន់មានតម្រូវការឡើយ។
សម្ដេច មានប្រសាសន៍ថា «ហើយកម្ពុជា ក៏មិនទាន់តម្រូវការ ឱ្យក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគ បើក្រុមហ៊ុនតាក់ស៊ីអគ្គិសនី ដើម្បីធ្វើតាក់ស៊ីអគ្គិសនីនោះទេ។ ម៉ោងស្មាននេះហើយ រដ្ឋាភិបាល អាណត្តិទី៧ គឺត្រូវយកចិត្តទុកដាក់ នៅក្នុងការជួយបងប្អូនប្រកបរបបរត់ម៉ូតូឌុប រត់កង់បី ក្រៅប្រព័ន្ធនេះឱ្យបានល្អ នេះជាគោលការណ៍របស់យើង»។
សម្ដេច បន្ដថា កម្ពុជា អត់មានការចាំបាច់រកក្រុមហ៊ុនបរទេស បើតាក់ស៊ី អគ្គិសនីនៅកម្ពុជានោះទេ អ្វីដែរត្រូវធ្វើនោះ គឺត្រូវជួយដល់ប្រជាពលរដ្ឋ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕EB