យោធាមីយ៉ាន់ម៉ា ប្រកាសដាក់តំបន់មួយចំនួនក្រោមច្បាប់អាជ្ញាសឹក ក្រោយប្រទេសនេះបន្តដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានបន្ថែមរយៈពេល ៦ខែទៀត
មីយ៉ាន់ម៉ា៖ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅក្នុងតំបន់មួយចំនួន ក្នុងសហភាពមីយ៉ាន់ម៉ាគ្រប់គ្រងដោយរបបសឹកកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីក្រុមអាជ្ញាធរបានប្រកាសថា ការដាក់ប្រទេសក្នុងគ្រា អាសន្នត្រូវបានបន្ថែមរយៈពេល ៦ខែទៀតនៅទូទាំងប្រទេស ដែលត្រូវបានធ្លាក់ក្នុងភាពចលា ចលដោ យអំពើហិង្សា ដែលក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិមួយចំនួនបានហៅថា ជាសង្រ្គាមស៊ីវិល។
រដ្ឋបាលក្រុមប្រឹក្សារដ្ឋរបស់យោធាលោក Aung Lin Dwe ដាក់ច្បាប់អាជ្ញាសឹកនៅក្នុងទីក្រុង ៣៧ ទូទាំងតំបន់ចំនួន ៨ ក្នុងចំណោមតំបន់សរុប ១៤ និងរដ្ឋជាច្រើនទៀត។ ទីក្រុងចំនួន១១ ដែលបានប៉ះពាល់គឺនៅក្នុងតំបន់ Sagaing និងចំនួន ៧ នៅក្នុងរដ្ឋ Chin ដែលស្ថិតនៅភាគពាយ័ព្យប្រទេស ជាទីដែលមានការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងទ័ព និងក្រុមទ័ពព្រៃរបស់កងកម្លាំងការពារប្រជាជនគាំទ្រប្រជាធិបតេយ្យ និងសម្ព័ន្ធមិត្តរបស់ពួគេនៅក្នុងកងជីវពលជនជាតិភាគតិច។
របបសឹកមួយនេះធ្លាប់បានប្រកាសច្បាប់អាជ្ញាសឹកម្ដងរួចទៅហើយកាលពីដើមឆ្នាំ២០២១ នៅក្នុងទីក្រុង Yangon ដែលជាទីក្រុងធំបំផុតរបស់សហភាពមីយ៉ាន់ម៉ា ក្រោយផ្ទុះអំពើហិង្សាកាន់តែខ្លាំងប្រឆាំងក្រុមអ្នកតវ៉ា។
យោងតាមសមាគមជួយអ្នកទោសនយោបាយ ដែលជាក្រុមឃ្លាំមើលឯករាជ្យដែលបានតាមដានការស្លាប់ និងការចាប់ខ្លួននៅសហភាពមីយ៉ាន់ម៉ា ជនស៊ីវិលយ៉ាងហោចណាស់ ២.៩៤៨នាក់បានស្លាប់ចាប់តាំងពីរបបយោធាធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីលោកស្រី Aung San Suu Yyi កាលពីថ្ងៃទី១ ខែកម្ភៈ ឆ្នាំ២០២១៕