ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងករណីកម្មករនិយោជិក ឬប្រជាពលរដ្ឋម្នាក់ មិនមានរបបថែទាំសុខភាព ជាមធ្យមត្រូវចំណាយថវិកា ២៥០ដុល្លារ ក្នុងរយៈពេលមួយឆ្នាំ ទៅលើបញ្ហាសុខភាព។

ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋតាំងពីមុនពេលកើត រហូតដល់ពេលកើត។

សម្ដេចធិបតី គូសបញ្ជាក់ថា «តាមការសិក្សាកន្លងមក បងប្អូនកម្មករនិយោជិក ឬបងប្អូនប្រជាពលរដ្ឋម្នាក់ជាមធ្យម ត្រូវចំណាយ ២៥០ដុល្លារ ក្នុងមួយឆ្នាំ ឬចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ ក្នុងមួយខែ ក្នុងករណីដែលមិនមានរបបថែទាំសុខភាព នេះជាហេតុធ្វើឱ្យបងប្អូនកម្មករនិយោជិក ឬប្រជាពលរដ្ឋមួយចំនួនធំ មិនសូវហ៊ានទៅពិគ្រោះយល់យោបល់ជាមួយគ្រូពេទ្យញឹកញាប់ ដោយសារនេះជាការចំណាយផ្ទាល់ខ្លួន រហូតជួញការបណ្ដាយឱ្យខ្លួនឈើដល់ដំណក់កាលធ្ងន់ធ្ងរ ពិបាក់ជួយគ្រោះទាន់ពេលវេលា»។

សម្ដេចធិបតី បន្ថែមថា កត្តានេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់លំនឹងជីវិភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ទៅដល់ផលិតភាពការងារ និងចង្វាក់ផលិតកម្មរបស់ស្ថាប័នរោងចក្ររបស់ខ្លួនឯងផងដែរ។ ការអនុវត្តកម្មវិធីរបបសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត នឹងជួយពង្រីកការគ្របដណ្ដប់ប្រជាជនសរុបជា ៥លាននាក់ បូកបន្ថែម ថែទាំសុខភាពតាមមូលនិធិសមធ៌មសុខាភិបាល ជូនគ្រួសារងាយរងហានិភ័យដែលសម្ដេច ប្រកាសដាក់ឱ្យដំណើរការ ថ្ងៃទី២៤ តុលា កន្លងទៅនេះ គ្រប់ដណ្ដាប់ប្រជាជនសរុបប្រមាណជា ៤លាននាក់ កម្មវិធីទាំងពីរ រួមបញ្ជូលគ្នា នឹងពង្រីកសេវាថែទាំសុខភាព បានដល់ប្រជាជនជាង ៩លាននាក់ ដែលឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល នេះជាសមិទ្ធផលដែលបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាចំបង់បំផុតទៅលើសុខមាភាពប្រជាជន ទូទាំងប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ