រុស្ស៊ីបានវាយប្រហារ ដោយគ្រាប់បាញ់មីស៊ីលលើពិធីបុណ្យសព លើភូមិ Hroza នៃស្រុក Kupyansk ប្រទេសអ៊ុយក្រែន បណ្តាលឱ្យមនុស្សយ៉ាងតិច ៥១នាក់ស្លាប់
អ៊ុយក្រែន៖ អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើភូមិ Hroza នៃស្រុក Kupyansk ភាគអាគ្នេយ៍ទីក្រុង Kharkov បានសម្លាប់មនុស្សយ៉ាងតិច៥១នាក់ រួមទាំងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ផងដែរ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNNនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។
មីស៊ីលមួយគ្រាប់បានវាយប្រហារនៅម៉ោង ១៥និង១៥នាទី (ម៉ោងនៅអ៊ុយក្រែន) ខណៈអ្នកភូមិ កំពុងចូលរួមពិធីបុណ្យសព ក្រសួងការពារជាតិអ៊ុយក្រែននិយាយថា មិនមានគោលដៅយោធានៅក្នុងតំបន់នោះទេ ពោលគឺមានតែជនស៊ីវិលប៉ុណ្ណោះ។
ទន្ទឹមនោះ ប្រមុខតំបន់ Kharkiv លោក Oleh Synyehubov បានហៅការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មបង្ហូរឈាមបំផុតមួយរបស់តំបន់។ លោកបញ្ជាក់ថា មនុស្សរាល់គ្នាដែលបាត់បង់ជីវិតគឺជាអ្នកភូមិ ហើយការវាយប្រហារថ្ងៃនេះ បានសម្លាប់អ្នកភូមិនោះអស់២០%។
គួរបញ្ជាក់ថា ស្រុក Kupyansk គឺជាសមរភូមិជួរមុខ នៃការប៉ះទង្គិចគ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីលោក វ្ល៉ាឌីមៀរ ពូទីន បើកការលុកលុយទ្រង់ទ្រាយធំកាលពីខែកុម្ភៈឆ្នាំមុន។ វាជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងរុស្ស៊ី នៅពេលចាប់ផ្តើមសង្គ្រាម ប៉ុន្តែទីក្រុងកៀវ បានដណ្តើមយកវាមកវិញនៅខែកញ្ញាឆ្នាំ២០២២ បន្ទាប់ពីការប្រយុទ្ធអស់រយៈពេលជាច្រើនខែ៕