ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងរៀបចំវគ្គហ្វឹកហ្វឺនសកម្មភាពកំចាត់មីនមនុស្សធម៌ ជូនមន្ដ្រីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន ព្រោះអ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ដោយសារសង្គ្រាម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMAC នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋាភិបាលជប៉ុន បានផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនសកម្មភាពកំចាត់មីនមនុស្សធម៌ជូនដល់ មន្ត្រីជំនាញបោសសម្អាតមិនប្រទេសអ៊ុយក្រែន»។

CMAC បន្ដថា បញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន បាន និងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ហើយក៏ជាឧបសគ្គចំពោះប្រជាពលរដ្ឋអ៊ុយក្រែនដែលមាន បំណងវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញ។ ដូចនេះ កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធ ភណ្ឌសង្គ្រាមជាសកម្មភាពមនុស្សធម៌ដ៏ចាំបាច់និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់ ដំណើរការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា និងដីសម្រាប់ធ្វើកសិកម្ម។ ទន្ទឹមនឹងនេះ កិច្ចការបោស សម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក៏ដូចជាការកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសុខសុវត្ថិ- ភាព និងការស្តារជីវភាពរស់នៅឡើងវិញត្រូវការពេលវេលាយូរ និងទាមទារភាពអត់ធ្មត់។


CMAC បន្ថែមថា ផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស និងដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមប្រកបដោយជោគជ័យ តាមរយៈការអនុវត្តសកម្មភាពកំចាត់មីនមនុស្សធម៌ តាំងពីឆ្នាំ១៩៩២នោះ រាជរដ្ឋាភិបាលកម្ពុជា មានសុឆន្ទៈក្នុងការជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការក្នុង វិស័យសកម្មភាពមីនមនុស្សធម៌ជូនប្រជាជនអ៊ុយក្រែន។ ក្នុងស្មារតីនេះ នាសម័យប្រជុំកំពូលអាស៊ានលើកទី ៤០-៤១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានពិភាក្សា និងឯកភាពជាមួយ លោក KISHIDA Fumio. នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការគាំទ្រដល់កិច្ចការ បោសសម្អាតមីនមនុស្សធម៌ នៅប្រទេសអ៊ុយក្រែន។


CMAC បានបញ្ជាក់ទៀតថា «ផ្អែកលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អង្គភាពCMAC នឹងរៀបចំការហ្វឹកហ្វឺនជូន មន្ត្រីជំនាញសកម្មភាពមីននៃអង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន (State Emergency Service of Ukraine) ដែលហៅកាត់ថា SESU នៅកម្ពុជាក្នុងខែមករា ឆ្នាំ២០២៣ លើការប្រើប្រាស់សម្ភារ បច្ចេកទេសបោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ ALIS ផលិតនៅប្រទេសជប៉ុន»។

សូមរំលឹកថា ក្នុងកម្មវិធីហ្វឹកហ្វឺននេះ មាន ៤វគ្គ ដែលអាចអនុញ្ញាតជូនប្រព័ន្ធផ្សព្វផ្សាយចូលរួមយកព័ត៌មាន ដូចជា (១) ពិធីបើកវគ្គហ្វឹកហ្វឺន (២) ដំណើរទស្សនកិច្ចចំការមីន (៣) ដំណើរទស្សនកិច្ចសារមន្ទីរសន្តិភាព សកម្មភាពមីននិងការធ្វើប្រតិបត្តិការបង្ហាញ និង (៤) ពិធីបិទវគ្គហ្វឹកហ្វឺន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ