ភ្នំពេញ៖ សត្វកណ្តុរដោះមីន អាប៉ូប៉ូ(APOPO) ចំនួន ២០ក្បាល របស់ប្រទេសតង់ហ្សានី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយដោយសុវត្ថិភាព កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីបុគ្គលិកអាប៉ូប៉ូកម្ពុជារង់ចាំយ៉ាងអន្ទះសារ នូវការមកដល់របស់ពួកគេនៅរាជធានីភ្នំពេញ បន្ទាប់ពីធើដំណើរចេញពីទ្វីបអាហ្វ្រិក ដោយឆ្លងកាត់តាមប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនមុនមកដល់ប្រទេសកម្ពុជា។ 

ចំពោះការមកដល់វីរៈបុរសកណ្តុរនេះ ពួកគេបានសម្រាកមួយរយៈនៅរាជធានីភ្នំពេញ បន្ទាប់មកបានពួកគេក៏បានធ្វើដំណើរតាមរថយន្តទៅកាន់ខេត្តសៀមរាប។ នេះបើយោងតាមការឱ្យដឹងពីអង្គការ APOPO នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ បុគ្គលិកអាប៉ូប៉ូកម្ពុជាប្រកាសថា សត្វកណ្ដុរទាំងអស់មានសុខភាពល្អជាធម្មតា ហើយពួកវាបានចាប់ផ្តើមធ្វើការសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មី ជាមួយនឹងអ្នកកាន់កណ្តុរថ្មីបណ្តើរៗហើយ។

សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់អាប៉ូប៉ូ(APOPO) នៅប្រទេសតង់ហ្សានី បានលើកឡើងថា វាជាថ្ងៃចុងសប្តាហ៍ដ៏រំភើបមួយ ខណៈដែលក្រុមវីរៈបុរសកណ្ដុររាវរកមីនចំនួន ២០ក្បាល បានឡើងយន្តហោះលើកដំបូងរបស់ពួកគេឆ្ពោះទៅកាន់ប្រទេសកមកម្ពុជា នៅពេលនេះ។

ចំពោះការចាកចេញនេះ បុគ្គលិកនៅប្រទេសតង់ហ្សានីបាននិយាយលាទាំងទឹកភ្នែក ហើយបានអមដំណើរក្រុមវីរៈបុរសកណ្ដុរទៅកាន់អាកាសយានដ្ឋាន Dar es Salaam រួមជាមួយនឹងការយកចិត្តទុកដាក់ មើលថែលើផាសុខភាព ចំណីអាហារ ទឹក និងផ្តល់ឱ្យពួកគេនូវកន្លែងសម្រាកលេងនៅព្រលានយន្តហោះផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ