ភ្នំពេញ៖ តុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ ដាក់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ ដែលទើបទទួលបាននាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាន ឃាត់ខ្លួនជនជាតិចិន (តៃវ៉ាន់) ចំនួន ២នាក់ នៅបន្ទប់ខុនដូមួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូខ្មោចប្រឌិត ដើម្បីទាក់ទាញការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមនានា ពិសេសបណ្ដាញសង្គម TikTok ដែលមានអ្នកគាំទ្រ និងចុចឡាយរហូតដល់ជាង ៥លាននាក់។ វីដេអូដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលងនៅតាមសណ្ឋាគារទុកចោល និងទីតាំងផ្សេងៗទៀត នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឲ្យមហាជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ដែលមានបំណងមកលេងកម្សាន្ដ ក៏ដូចជាមកទេសចរណ៍ក្នុងខេត្តព្រះសីហនុ។

ធាតុពិតមិនមានហេតុការណ៍នេះកើតឡើងទេ ដោយជនសង្ស័យធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន View ច្រើនតែប៉ុណ្ណោះ។


ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតស្រោមមុខខ្មោច, កាំភ្លើងជ័រ, សំលៀកបំពាក់ទាហានប៉ារ៉ា, ទូរសព្ទដៃ, សម្ភារឧបករណ៍ផលិតVideo Live និងសម្ភារបម្រើឲ្យការថតវីដេអូមួយចំនួនទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ