ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីបញ្ហាអាកាសធាតុទៅកាន់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវទឹកទៅកាន់លំហសមុទ្រ និងប្រជានេសាទដែលកំពុងស្ថិតនៅលើលំហសមុទ្រស្រាប់ ខណៈអាកាសធាតុនឹងអាក្រក់ខ្លាំង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤។

តាមរយៈសារសំឡេងណែនាំទៅកាន់ប្រធានអង្គភាព និងមន្ដ្រីពាក់ព័ន្ធ លោក គួច ចំរើន បានប្រាប់ឲ្យហាមឃាត់ការធ្វើដំណើរតាមទូកទៅលំហសមុទ្រ កោះឆ្នេរ ក្នុងរយៈពេលនេះ ព្រោះដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ឬការជាប់គាំងណាមួយ ដែលបង្កដោយមហន្ដរាយផ្សេងៗ ហើយសូមឲ្យរកគ្រប់មធ្យោបាយដើម្បីផ្ដល់ដំណឹងដល់បងប្អូនប្រជានេសាទ ដែលពេលនេះ ម៉ោងនេះ ពួកគាត់កំពុងស្ថិតនៅលំហសមុទ្រ តាមកោះឆ្នេរ ដើម្បីធ្វើនេសាទ។

អភិបាលខេត្តព្រះសីហនុរូបនេះ បានគូសបញ្ជាក់ទៀតថា មធ្យោបាយសម្រាប់ផ្ដល់ដំណឹងទៅកាន់ប្រជានេសាទដែលកំពុងស្ថិតនៅលំហសមុទ្រ នាពេលនេះ គឺត្រូវអនុវត្តដូចកាលពីពេលកន្លងទៅ ដោយត្រូវជូនដំណឹងបន្ទាន់ទៅកាន់ក្រុមគ្រួសារ នៃសហគមន៍ប្រជានេសាទ ហើយសូមឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចាត់ចែងការងារនេះ ឲ្យបានហ្មត់ចង់ដើម្បីការពារភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ប្រជានេសាទ ឬអ្នកទេសចរ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ សូមប្រុងប្រយ័ត្នខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ