ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះរដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹង ដល់សាធារណជន ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ  ត្រូវផ្អាកការធ្វើដំណើរតាមទូកលើផ្ទៃសមុទ្រជាបណ្តោះអាសន្ន ដោយត្រូវរងចាំស្ថានភាពអាកាសធាតុវិវត្តមកល្អប្រសើរវិញសិន។

ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា «មានសម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង»ស្ថានភាពបែបនេះ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រលក សមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ 

ក្នុងន័យនេះ ដើម្បីធានានូវសុវត្ថិភាពខ្ពស់ ពីគ្រោះថ្នាក់ និងហានិភ័យនានា ដែលអាចបង្កឡើងដោយ កត្តាគ្រោះធម្មជាតិខាងលើ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ ត្រូវផ្អាកជាបណ្តោះអាសន្ន ក្នុងការចេញនេសាទនៅលើផ្ទៃសមុទ្រ និងការដឹកជញ្ជូនភ្ញៀវទេសចរ ទៅតាមបណ្តាកោះនានា ដោយត្រូវរង់ចាំអាកាសធាតុបានធូរស្រាល ទើបអនុញ្ញាតឱ្យចេញនេសាទ និងមានការដឹកជញ្ជូនភ្ញៀវទេសចរជាធម្មតាឡើងវិញ។

បន្ថែមពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នក្នុងការលេងទឹកកំសាន្តតាមឆ្នេរសមុទ្រដែមានរលកខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។ ហេតុដូច្នេះ សូមសាធារណជន ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះ យកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ