កូរ៉េខាងត្បូង ៖ គណបក្សដែលកំពុងដឹកនាំរដ្ឋាភិបាលក្រុងសេអ៊ូល បានប្រកាសថា ច្បាប់ "Kim Keon Hee Law" ដែលនឹងហាមឃាត់ការទទួលទានសាច់ឆ្កែ នឹងត្រូវបានអនុម័តនិងដាក់ឱ្យអនុវត្តនាពេ​លដ៏ឆាប់ខាងមុខ។

 

"Kim Keon Hee Law" ត្រូវបានគេដាក់តាមឈ្មោះភរិយារបស់ប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk-yeol) ដែលជាស្ត្រីទីមួយរបស់កូរ៉េខាងត្បូង ក្នុងនាមជាអ្នកតស៊ូមតិដ៏សកម្មផ្នែកសុខុមា​លភាពសត្វ។

 

ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Kim Keon Hee បានប្តេជ្ញាចិត្តថា នាងនឹងខិតខំឱ្យ​អស់ពី​លទ្ធភាពដើម្បីបញ្ចប់ការទទួលទានសត្វឆ្កែក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងអាណត្តិរបស់នាង។ កាលពីខែមុន លោកស្រីបានអំពាវនាវឱ្យសភាអនុម័តច្បា​ប់ដើម្បីបញ្ចប់វប្បធម៌ដ៏ចម្រូងចម្រាស​របស់​ប្រទេស ដោយបាននិយាយសង្កត់ធ្ងន់ថា "មនុស្ស និងសត្វគួរតែនៅជាមួយគ្នា" ដោយបន្ថែមថា "ការជួ​ញដូរសាច់ឆ្កែខុសច្បាប់ត្រូវតែបញ្ចប់"។

យោងតាមសមាគមអ្នកបង្កាត់ពូជសត្វឆ្កែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកសិដ្ឋានចិ​ញ្ចឹមឆ្កែនៅ​ទូទាំងប្រទេសកូរ៉េខាងត្បូងបានថយចុះពាក់កណ្តាល ប៉ុន្តែនៅតែមានសត្វឆ្កែប្រហែល ៧០ម៉ឺនក្បាល ទៅ ១លានក្បាល ត្រូវបានសម្លាប់សម្រាប់យកសាច់ជារៀងរាល់ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ