កូរ៉េខាងជើង ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យបង្កើនការត្រៀមខ្លួនសម្រាប់សង្គ្រាម បន្ទាប់ពីបានត្រួតពិនិត្យកងទ័ពនៅឯមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយនៅភាគខាងលិចរបស់ប្រទេស។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNAនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៣។
យោងតាម KCNA បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងបាននិយាយថា យោធាត្រូវតែ "ដឹកនាំប្រកបដោយថាមពល នៃការពង្រឹងការត្រៀមរៀបចំសង្រ្គាមស្របតាមតម្រូវការនៃស្ថានភាពដែលកំពុងមាន" ។ លោកបានបន្ថែមថា "កងទ័ពរបស់យើងគួរតែ ... បង្កើនជាលំដាប់នូវសមយុទ្ធសង្រ្គាមជាក់ស្តែង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សនូវសមត្ថភាពប្រយុទ្ធរបស់ខ្លួនសម្រាប់ការត្រៀមខ្លួនសង្រ្គាមដ៏ល្អឥតខ្ចោះ" ។
ដំណើរទស្សនកិច្ចរបស់លោកគីមបានធ្វើឡើងខណៈកងកម្លាំងមកពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបន្តសមយុទ្ធយោធាទ្រង់ទ្រាយធំ Freedom Shield ប្រចាំឆ្នាំ។ សមយុទ្ធនេះ ត្រូវបានគេរំពឹងថានឹងរៀបចំធ្វើ សមយុទ្ធចំនួន ៤៨ រួមទាំងសមយុទ្ធស្ទាក់ចាប់កាំជ្រួច ការទម្លាក់គ្រាប់បែក ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់ពិត ជាមួយនឹងចំនួនទាហានចូលរួមពីរដងបើធៀបនឹងឆ្នាំមុន៕