សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់អ្នកសម្ដែងមតិប្រឆាំង សម្ដេច នៅជប៉ុន ធ្វើយ៉ាងណា កុំឱ្យបាក់មុខប្រទេសជាតិខ្លួន
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់អ្នកសម្ដែងមតិប្រឆាំងដំណើរទស្សនកិច្ចរបស់ សម្ដេច នៅប្រទេសជប៉ុន នាពេលនេះ ត្រូវធ្វើយ៉ាងណា កុំឱ្យបាក់មុខប្រទេសជាតិរបស់ខ្លួន។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេច បើកសិទ្ធិឱ្យជេរ សម្ដេច តែការសម្ដែងមតិ ក្នុងក្របខណ្ឌថ្លៃថ្នូរ កុំឱ្យបាក់មុខប្រទេសជាតិ។ ការជំទាស់ និងមិនគាំទ្រ គឺជារឿងរបស់បងប្អូនតែប៉ុណ្ណោះ។
សម្ដេច បញ្ជាក់ថា «ស្អែកនេះ គឺមានអ្នកដែលគ្រោងប្រមូលគ្នាជេរខ្ញុំ អាហ្នឹងសិទ្ធិជេរចុះ មិនអីទេ។ ខ្ញុំ គ្រាន់តែប្រាប់ជូនបងប្អូន ព្រោះអ្នកផ្សព្វផ្សាយរឿងមួយ ប៉ុន្ដែបងប្អូនចូលរួម គឺសិទ្ធិរបស់បងប្អូន ប៉ុន្ដែខ្ញុំ ចង់បញ្ជាក់ថា ការធ្វើសម្ដែងមតិ នៅក្នុងក្របខណ្ឌថ្លៃថ្នូរ ធ្វើយ៉ាងណាកុំឱ្យបាក់មុខប្រទេសជាតិយើង។ យើងជំទាស់ មិនទទួលស្គាល់ អាហ្នឹងរឿងរបស់បងប្អូនចុះ»។
ពាក់ព័ន្ធទៅនឹងទស្សនកិច្ចនៅប្រទេសជប៉ុន នាពេលនេះ សម្ដេច បញ្ជាជូនថា ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងៗទៀត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព។ សម្ដេច ថា ទាំងនេះជាសារគ្រប់គ្រាន់ហើយ ដែលប្រទេសជប៉ុន ទទួល សម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ករណីដែលជប៉ុន និងអង្គការសហប្រជាជាតិ អញ្ជើញ សម្ដេច ទៅចូលរួមកិច្ចប្រជុំនានា គឺជាសកម្មភាពដែលបង្ហាញពីការគោរពតាមមតិភាគច្រើន និងគោរពតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ដោយមានពលរដ្ឋជាង ៨លាននាក់ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រ សម្ដេចធិបតី ជានាយករដ្ឋមន្ត្រី ផងដែរ៕EB