ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់កូរ៉េខាងត្បូង ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើមសម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប។

ស្របពេលជាមួយគ្នានេះដែរ ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-កូរ៉េខាងត្បូង បានកើនឡើងលើស ១ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ដោយគ្រប់ដណ្តប់វិស័យជាច្រើន។

នាឱកាសអញ្ជើញថ្លែងក្នុងពិធីបើក វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នាថ្ងៃទី១៦ ឧសភា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េ មានទំនាក់ទំនងល្អជាយូរមកហើយ ប្រទេសទាំងពីរមានទំនាក់ទំនងស៊ីជម្រៅ និងមានភាពប្រទាក់ក្រឡាគ្នាលើច្រើនវិស័យ ដោយឈរលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ និង ការជឿទុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ។


សម្តេចធិបតី បន្ដថា ប្រទេសទាំងពីរ ធ្លាប់រងគ្រោះដោយសារសង្គ្រាម ប៉ុន្តែបានងើបឡើងវិញ ប្រកបដោយភាពធន់ និងបានប្រែក្លាយ និងតម្រង់ទិសសេដ្ឋកិច្ច ឆ្ពោះទៅរកវិបុលភាព ។ ជីវភាពនៃទំនាក់ទំនងរបស់កម្ពុជា-កូរ៉េ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងដ៏រស់រវើក រវាងប្រជាជន និងប្រជាជន, ប្រជាប្រិយភាពយ៉ាងទូលំទូលាយ នៃរឿងភាគ តន្ត្រី និងអាហារកូរ៉េ (K-dramas, K-pop, K-food) នៅកម្ពុជា និងការកើនឡើងនៃចំនួនអាពាហ៍ពិពាហ៍ និងការរស់នៅក្នុងប្រទេសទាំងពីរ ដោយប្រជាជនកម្ពុជាប្រមាណ ៥៩.៣៧៨ នាក់ កំពុងរស់នៅសាធារណរដ្ឋកូរ៉េ ហើយប្រជាជនកូរ៉េប្រមាណ ៧. ៨០០ នាក់ កំពុងរស់នៅកម្ពុជា គិតត្រឹមឆ្នាំ ២០២៣។

សម្តេចធិបតី បន្ថែមថា ទន្ទឹមនេះ សាធារណរដ្ឋកូរ៉េ គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ដោយបានចូលរួមពង្រឹងកម្លាំងពលកម្ម កែលម្អសេវាសាធារណៈ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។ ចាប់តាំងពីឆ្នាំ ២០១៦ មក រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទិដ្ឋាការ ដែលមានសុពលភាព ៣ ឆ្នាំ និងអនុញ្ញាតឱ្យមានការចេញ-ចូលបានច្រើនដង ជាមួយនឹងការបង់ថ្លៃសេវាតែមួយលើកដល់វិនិយោគិនកូរ៉េ ដែលកាន់លិខិតឆ្លងដែនទូទៅ ដើម្បីលើកទឹកចិត្ត និងជំរុញការវិនិយោគ និងធុរកិច្ចកូរ៉េ នៅកម្ពុជា។

សម្ដេចធិបតី គូសបញ្ជាក់ថា «ជាលទ្ធផល យើងសង្កេតឃើញ ការកើនឡើងនៃវត្តមាននៃគម្រោងវិនិយោគ និងសហគ្រាសពាណិជ្ជកម្មកូរ៉េ ទាំងតូច ទាំងធំ នៅកម្ពុជា ។ ទន្ទឹមគ្នានេះ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើស ១ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដោយគ្រប់ដណ្តប់វិស័យជាច្រើន ដូចជា វាយនភណ្ឌ ផលិតផលធ្វើដំណើរ កង់ គ្រឿងបន្លាស់អេឡិចត្រូនិក កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ។ ក្រុមហ៊ុនកូរ៉េ បាន និងកំពុងដើរតួនាទីជាតួអង្គគន្លឹះ ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ។ ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េនៅវិស័យចម្រុះ ដូចជា កម្មន្តសាល អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ បាន និងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដទៀតថា «ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់សាធារណរដ្ឋកូរ៉េ ដោយកម្ពុជា នៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប ដោយសាធារណរដ្ឋកូរ៉េ អាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យាក្នុងការកែប្រែឧស្សាហកម្មកម្ពុជា និងបង្កើតកាលានុវត្តភាព ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ