មីយ៉ាន់ម៉ា ៖ កងជីវពលជនជាតិភាគតិចមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះថា ខ្លួនកំពុងរៀបចំនិរទេសមនុស្សចំនួន ១0,000 នាក់ដែលជាប់ពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងទៅប្រទេសថៃ ដែលជាផ្នែកមួយនៃការបង្ក្រាបលើក្រុមឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានFrance24នៅថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ២០២៤។

ការឆបោក ប្រាក់តាមប្រព័ន្ធអ៊ីនធើណេត បានរីកដុះដាលនៅតាមព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ដោយជនបរទេសដែលជារឿយៗត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការ បោកប្រាស់មនុស្សជុំវិញពិភពលោក ដែលអ្នកវិភាគឧស្សាហកម្មនេះបាននិយាយថា មានតម្លៃរាប់ពាន់លានដុល្លារ។ 

អ្នកនាំពាក្យកងឆ្មាំព្រំដែន Karen (BGF) លោកវរសេនីយ៍ទោ Naing Maung Zaw ឱ្យដឹងថា យើងបានប្រកាសកម្ចាត់ការបោកប្រាស់ទាំងអស់ពីទឹកដីរបស់យើង។ យើងបានធ្វើបញ្ជីមួយហើយត្រៀមផ្ទេរមនុស្សប្រហែល១ ម៉ឺននាក់ទៅប្រទេសថៃ។ ការនិរទេសនឹងត្រូវធ្វើជាក្រុមចំនួន ៥០០ ក្នុងមួយថ្ងៃ។ លោក Naing Maung Zaw បាននិយាយថាក្រុម BGF បានបញ្ជូនមនុស្សចំនួន៦១ នាក់ឆ្លងកាត់ស្ពានព្រំដែនទៅកាន់ប្រទេសថៃរួចហើយ ហើយកំពុងរៀបចំបញ្ជូនមនុស្សប្រហែល៥០០នាក់ជាច្រើន សញ្ជាតិផ្សេងៗគ្នា ជារៀងរាល់ថ្ងៃ។ 

លោកវរសេនីយ៍ទោ Naing Maung Zawបានបញ្ជាក់ឱ្យដឹងថាទីតាំង Shwe Kokko ជាទីតាំងនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ BGF ក្នុងរដ្ឋ Karen គឺជាទីក្រុងសំបូរទៅដោយការឆបោកប្រាស់តាមអ៊ីនធឺណិតជារឿយៗបានទាក់ទាញមនុស្សមកពីជុំវិញពិភពលោកជាមួយនឹងការសន្យានៃការងារដែលមានប្រាក់ខែខ្ពស់។ប៉ុន្តែបន្ទាប់មកចាប់ពួកគេធ្វើជាចំណាប់ខ្មាំងយ៉ាងមានប្រសិទ្ធភាព ហើយបង្ខំពួកគេឱ្យប្រព្រឹត្តការក្លែងបន្លំតាមអ៊ីនធឺណិត ឬប្រឈមនឹងការផ្តន្ទាទោសធ្ងន់ធ្ងរ។ 

អាជ្ញាធរ និងក្រុមជីវពលក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ បានធ្វើការបង្ហាញអំពីការឆ្មក់ចូលមជ្ឈមណ្ឌល ដែលពាក់ព័ន្ធទៅនឹងការរត់ពន្ធគ្រឿងញៀន និងល្បែងស៊ីសងផងដែរ មុនពេលដោះលែង និងធ្វើមាតុភូមិនិវត្តន៍ជនបរទេសនៅខាងក្នុង។ 

មេដឹកនាំ BGF ឧត្តមសេនីយ៍ទោ Saw Chit Thu បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា កងជីវពលកំពុងកំណត់អត្តសញ្ញាណ ចាប់ខ្លួន និងបង្ក្រាបអ្នកជួញដូរមនុស្ស និងអ្នកក្លែងបន្លំដែលកំពុងប្រតិបត្តិការដោយខុសច្បាប់នៅក្នុងគម្រោងវិនិយោគនៅក្នុងតំបន់របស់យើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ