ភ្នំពេញ ៖ គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបានសងបំណុលសាធារណៈ ក្នុងទំហំទឹកប្រាក់ជិត ៣០០លានដុល្លារអាម៉េរិក កើនឡើង២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមព្រឹត្តិបត្របំណុលសាធារណៈ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «ការទូទាត់បំណុល ក្នុងនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលសរុបចំនួន ៥៩.១១ លានដុល្លារអារម៉េរិក ដែលជារួម ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានទូទាត់ សេវាបំណុល សរុបចំនួន ២៩៦.៩៥ លានដុល្លារអាមេរិក»។
ការទូទាត់ក្នុងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេសមានប្រមាណ ២៦៧.៧០លានដុល្លារអាម៉េរិក ក្នុងនោះ ប្រាក់ដើម ២១២.៣០លានដុល្លារអាម៉េរិក និងការប្រាក់ និងកម្រៃផ្សេងៗ ៥៥.៤០ លានដុល្លារអាម៉េរិក។ ចំណែកក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ២៩.២៥ លានដុល្លារអាម៉េរិក ក្នុងនោះប្រាក់ដើម ២៦.៨២ លានដុល្លារអាម៉េរិក និងការប្រាក់២.៤៤ លានដុល្លារអាម៉េរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការទូទាត់សេវាបំណុលសរុបក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ មានកំណើនប្រមាណ ២៩%។
បើតាមក្រសួងសេដ្ឋកិច្ច គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៥នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈ សរុបចំនួន ១២.៦៧ ប៊ីលានដុល្លារអាម៉េរិក ដោយគិតទាំងបំណុលមរតក ខណៈរដ្ឋាភិបាលវាយតម្លៃថា បំណុលសាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិត ទាប» ដដែល៕