មេប៉ូលីស ណែនាំមន្ដ្រីក្រោមឱវាទ ត្រូវបើកទ្វារចាំទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង
កំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងជំនាញពាក់ព័ន្ធ ត្រូវបើកទ្វារចាំទទួលពាក្យបណ្តឹងទាំងឡាយពីប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និងត្រូវធ្វើការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋវិញពីសំណុំរឿ ងដែលត្រូវបានដោះស្រាយបានកំរិតណា។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលកម្មវិធីប្រារព្ធធ្វើឡើងនៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងជំនាញពាក់ព័ន្ធត្រូវបើកទ្វារចាំទទួលពាក្យបណ្តឹងទាំងឡាយពីប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង និងត្រូវធ្វើការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋវិញពីសំណុំរឿងដែលត្រូវបានដោះស្រាយបានកំរិតណា សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់មកលើកងកម្លាំនគរបាល ទន្ទឹមនោះការអនុវត្តតួនាទីភារកិច្ច ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ ប៉ុន្តែទន់ភ្លន់។
នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា «អាជ្ញាធរក្នុងមូលដ្ឋានធ្វើការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ចំពោះបញ្ហាវិវាទនៅក្នុងគ្រួសារដែលមានលក្ខណៈតូចតាច ដែលការធ្វើបែបនេះអាចធ្វើឲ្យភាគីជម្លោះមានភាពចំណេញទាំងពេលវេលា និងថវិកាទាំងសងខាង»។
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំឱ្យពង្រឹងវត្តមានមន្ត្រីក្រោមឱវាទជាប្រចាំដើម្បីប្រសិទ្ធភាពការងារ ទន្ទឹមនោះរៀបចំឲ្យមានលិខិតសរសើរ, ប័ណ្ណសរសើរដល់បុគ្គល រឺជាក្រុមដែលមានស្នាដៃក្នុងការបំពេញភារកិច្ចល្អ ដោយឡែកចំពោះមន្រ្តីដែលប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យរបស់កងកម្លាំង។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្ដថា ជាពិសេស ហាមដាច់ខាតការផ្ទេរកម្លាំងពីប៉ុស្តិ៍នគរបាលរដ្ឋបាល, នគរបាលវរៈការពារព្រំដែន, អន្តរាគមន៍មកបម្រើការនៅស្នងការដ្ឋាន រឺកន្លែងផ្សេងទៀត។ ពាក់ព័ន្ធការស្នើសុំតែងតាំងមន្ត្រី ត្រូវមានកំណត់ហេតុប្រជុំវាយតំលៃពីក្រុមប្រឹក្សាវិន័យច្បាស់លាស់ ស្នងការរងទទួលផែនធនធានមនុស្ស ត្រូវត្រួតពិនិត្យលើបញ្ហានេះ៕