ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នងការនគរបាលរាជធានី-ខេត្ត ស្នងការរងទទួលផែន នាយការិយាល័យរាជធានី-ខេត្ត និងអធិការខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចូលរួម បានណែនាំដល់កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវបន្ដយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្ដគ្រប់ប្រភេទ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ឆ្លងកាត់យុទ្ធនាការប៉ុន្មានថ្ងៃនេះ នៅរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ បើធៀបនឹងរយៈពេលមុខនៃយុទ្ធនាការត្រួតពិនិត្យរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ។ នាយឧត្តមសេនីយ៍ បន្ដថា យុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងនេះ មិនអាចដកថយបានឡើយ។ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារមានការចង្អុលបង្ហាញ ការដាក់បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ខ្ញុំបានចាត់ចែងបញ្ជាផ្ទាល់ទៅឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើម្បីបើកយុទ្ធនាការមួយធ្វើការត្រួតពិនិត្យគ្រឿងស្រវឹង។ ជាលទ្ធផល នៅរាជធានីភ្នំពេញ មានការថយចុះចំនួនគ្រោះថ្នាក់ មានន័យថាយើងដើរតាមផ្លូវមួយដែលត្រឹមត្រូវ»។


នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្តថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ឬឈានទៅលុបបំបាត់នូវភាពអាណាធិបតេយ្យ ការមិនគោរពច្បាប់ចរាចរណ៍។ នាយឧត្តមសេនីយ៍ បន្ថែមទៀតថា នៅពេលខាងមុខ រាជធានី-ខេត្តណាដែលនៅតែបន្ដកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ទៀត នឹងត្រូវកោះប្រជុំដាច់ដោយឡែក ដើម្បីដកពិសោធន៍បន្ដទៀត។

ក្រៅពីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ពិសេសនៅពេលរាត្រី គឺបានឈានទៅទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង បទល្មើសព្រហ្មទណ្ឌ មុខសញ្ញាទើបចេញពីពន្ធនាគារជាដើម។ ដូច្នេះការងារនេះមិនអាចធ្វើត្រឹមមួយរយៈពេលបាននោះទេ ពោលត្រូវបន្ដអនុវត្តជាបន្ដបន្ទាប់ ហើយដោយមិនជូនដំណឹងជាមុនឡើយ។


ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ នៅពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ ត្រូវប្រើប្រាស់អាកប្បកិរិយា ពាក្យសម្ដីឲ្យបានសមរម្យ ហើយត្រូវលុបបំបាត់នូវបាតុភាពអសកម្មផ្សេងៗ ជៀសវាងនូវការតិះទៀនពីសំណាក់ប្រជាពលរដ្ឋ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ចត្រូវអនុវត្តការងារនេះឲ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែងអោយឡើយ ចំពោះបុគ្គលទាំងឡាយដែលរារាំងដល់សមត្ថកិច្ច។

គួរជម្រាបថា ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឲ្យស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩%  កត្តាយានយន្ត៥% ស្រវឹង៣% មិនគោរពភ្លើងសញ្ញា១% កត្តាសុខភាព១% និងកត្តាអាកាសធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨០% (១,២៧៩/១,៥៩០នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩% (៨៨៨/១,២៧៩នាក់)៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ