វៀតណាម ស្នើសុំអនុសាសន៍ចង្អុលដឹកនាំបំពេញបន្ថែម ពីប្រទេសកម្ពុជា លើកិច្ចសហការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែនគ្រប់ប្រភេទ
ភ្នំពេញ៖ លោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួងនគរបាល អមស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានស្នើសុំអនុសាសន៍ចង្អុលដឹកនាំបំពេញបន្ថែមពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបង្កើនការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួមនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។
ការស្នើសុំនេះធ្វើឡើង នាថ្ងៃទី៨ ធ្នូនេះ ក្នុងឱកាសលោក LE VAN PHUONG និងសហការីចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ នេត សាវឿន និងឧទ្ទេសនាមលោក NGUYEN VAN CUONG អនុប្រធានទទួលកិច្ចការតម្រួត ព្រមទាំងរាយការណ៍អំពីលទ្ធផល កិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលវៀតណាម ដែលសម្រេចបានក្នុងឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្តនាពេលខាងមុខ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងជំនួបនេះ ភាគីតំណាងក្រសួងនគរបាលវៀតណាម ក៏បានស្នើសុំអនុសាសន៍ចង្អុលដឹកនាំបំពេញបន្ថែមពី នាយឧត្តមសេនីយ៍ នេត សាវឿន លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបង្កើនការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួមនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានថ្លែងនូវការកោតសរសើរ និងគាំទ្រដល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរសម្រេចបានក្នុងឆ្នាំ២០២២នេះ។ ជាអនុសាសន៍ដឹកនាំបន្ថែម លើលទ្ធផលដ៏ល្អដែលមានស្រាប់ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានចង្អុលដឹកនាំឱ្យនាយកដ្ឋាន-អង្គភាពជំនាញ នៃភាគីទាំងពីរបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ និងបទពិសោធន៍ ព្រមទាំងពង្រឹងការសម្របសម្រួលរួមសហការ ដោះស្រាយប្រយុទ្ធប្រឆាំងបទល្មើស ឱ្យបានទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាព និយាយជារួមសហការដោះស្រាយ កុំឱ្យបទល្មើសមានការរីករាលដាល។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរកម្ពុជា-វៀតណាម ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានល្អប្រសើរបន្ថែមទៀត រវាងស្ថាប័នអនុវត្តច្បាប់នៃ ប្រទេសទាំងពីរ ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ៕