គំនិត និងការអប់រំ៖ បុគ្គលគ្រប់រូបដែលកើតមកលើលោក តែងតែមានអារម្មណ៍ភ័យខ្លាច ព្រួយបារម្ភ និងមិនទុកចិត្តលើខ្លួឯង អារម្មណ៍បែបនេះពិបាកគ្រប់គ្រង ដែលបង្ករឱ្យលោកអ្នកភ័យខ្លាច ក្នុងការបញ្ចេញសមត្ថភាព និងភាពប៉ិនប្រសព្វរបស់ខ្លួនទៅខាងក្រៅ ហេតុដូច្នេះហើយ ដើម្បីបង្កើននូវជំនឿរចិត្ត និងភាពក្លាហាន យើងមកដឹងនូវគន្លឹះសំខាន់ចំនួន៧ ដែលបណ្តុះថាមពលនៃភាពក្លាហានរបស់អ្នកចេញមក៖ 

១.សូមកុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ ដោយអ្នកត្រូវចងចាំថា អ្នកមើលឃើញតែអ្វីដែលគេបង្ហាញឲ្យអ្នកឃើញប៉ុណ្ណោះ អ្នកមិនបានដឹងថាមុនគេទទួលជោគជ័យដូចបច្ចុប្បន្ននេះ គេបានហែឆ្លងការលំបាកអ្វីខ្លះនោះឡើយ។

២. ត្រូវជឿជាក់ថាខ្លួនអាចធ្វើបាន បុគ្គលជោគជ័យបំផុត ក៏នៅតែមានកម្រិត។ អ្វីដែលធ្វើឲ្យពួកគេខុសប្លែកពីសាមញ្ញជននោះ គឺ គេជ្រើសរើសផ្ដោតតែទៅលើការពង្រឹងសមត្ថភាពខ្លួនឯង និងអ្វីដែលគេអាចធ្វើបាន ជាជាងការគិតដល់រឿងដែលគេមិនអាចធ្វើបាន។

៣. រស់នៅក្នុងការពិតដែលវិជ្ជមាន អ្នកត្រូវតែរំលឹកខ្លួនឯងជារឿយៗ ពីអ្វីដែលអ្នកអាចធ្វើ ពីសមត្ថភាពខ្លួនឯង និងសម្មតិផលដែលអ្នកសម្រេចបានកន្លងមក។ បើទោះជាការគិត និងសម្តីវិជ្ជមានតែម្យ៉ាង មិនអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលពោរពេញដោយជំនឿចិត្តក្តី តែយ៉ាងហោចណាស់អ្នកក៏ត្រូវតែមានសុទិដ្ឋិនិយមចំពោះជីវិតខ្លួនដែរ។

៤. ត្រូវបង្ហាញអ្វីជាខ្លួនឯង មិនមែនត្រូវពុតសម្ដែងធ្វើជាមនុស្សផ្សេង ដើម្បីឲ្យគេឯងសរសើរនោះឡើយ។ ជំនឿចិត្តជារឿងផ្ទាល់ខ្លួន ទាមទារអ្នកត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ ថាអ្នកជាអ្នកណា ចង់បានអ្វី ហើយអ្នកកំពុងនៅកន្លែងណា ត្រូវកំណត់គោលដៅជីវិត និងមានភាពជាអ្នកដឹកផ្ទាល់ខ្លួនជាក់លាស់។

៥. បង្កើតការផ្លាស់ប្តូរជាវិជ្ជមានត្រង់ចំណុចនេះអ្នកត្រូវចាំថាអ្នកមិនអាចកែប្រែអ្វីដែលបានកើតឡើងរួចហើយក្នុងអតីតកាលនោះទេ។ អ្នកដែលរស់នៅប្រកបដោយជំនឿចិត្តនឹងអាចរៀបចំគម្រោង ត្រួសត្រាយផ្លូវក្នុងពេលបច្ចុប្បន្នរបស់គេ ទៅរកអនាគតមួយដែលខ្លួនចង់បាន។

៦. តាំងចិត្តមុតមាំនិងមានការទទួលខុសត្រូវខ្ពស់ ប្ដេជ្ញាចិត្តឱ្យពេញទំហឹងបំពេញរាល់ការងារដែលអ្នកត្រូវធ្វើ ដើម្បីបង្កើតភាពជោគជ័យជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកយល់ថាមិនស្រួលចិត្ត ឬពិបាកធ្វើនោះ មានន័យថាអ្នកកំពុងតែដើរលើផ្លូវខុសហើយ ។ ចៀសវាងទម្លាប់ពន្យឺតឬ ពន្យារពេល និងធ្វើអីលំៗឲ្យតែរួចដៃ។

៧. ផ្តល់ឱកាសឱ្យខ្លួនឯង ត្រូវចាំថា មិនមែនមនុស្សណាម្នាក់កើតមក ហើយធ្វើត្រូវរហូតនោះទេ សាកល្បងធ្វើម្តងហើយម្តងទៀត ផ្តល់ឱកាសដល់ខ្លួនឯង ដើម្បីទទួលបានបទពិសោធន៍ រហូតអាចទាញយកបទពិសោធន៍នោះ ជាជំនាញយ៉ាងប្រាកដមួយសម្រាប់ជីវិត។

ការលើកឡើងទាំងនេះបានដកស្រងដោយ យោងតាមការណែនាំរបស់អ្នកជំនាញភាពជាអ្នកដឹកនាំ និងអភិវឌ្ឍន៍សហគ្រិនភាព លោកស្រី Lolly Daskal ក្នុងអត្ថបទស្តីពី [Learn the 7 Secrets for Building Unstoppable Confidence៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ