អំឡុងពេលទស្សនកិច្ចរបស់ លោកពូទីនក្នុងទឹកដីវៀតណាម អាមេរិកស្នើឱ្យវៀតណាម បង្ហាញការគាំទ្រអធិបតេយ្យភាព បូរណភាព ទឹកដីរបស់អ៊ុយក្រែន
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវដល់ប្រទេសវៀតណាមឱ្យគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ។នេះបើយោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា “យើងរំពឹងថា ប្រទេសណាក៏ដោយ នៅពេលដែលខ្លួនចូលរួមសន្ទនាជាមួយរដ្ឋាភិបាលរុស្ស៊ី និងជាពិសេសនៅពេលដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ មេដឹកនាំមកពីរដ្ឋាភិបាលរុស្ស៊ី នឹងបញ្ជាក់យ៉ាងច្បាស់នូវការគោរពរបស់ពួកគេចំពោះគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងអធិបតេយ្យភាព និងបូរណភាពទឹកដី និង ហើយបង្ហាញថាគោលការណ៍ទាំងនោះត្រូវតែប្រកាន់ខ្ជាប់នៅទូទាំងពិភពលោក»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា “ជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក Daniel J. Kritenbrink នឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមិថុនា”៕