នាយឧត្តមសេនីយ៍ នេត សាវឿន ៖ កងកម្លាំងសមត្ថកិច្ចត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ភ្នំពេញ៖នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានលើកឡើងថា កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឲ្យបានជាដាច់ខាត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងនៅនាយកដ្ឋានអង្គរក្សនេះ គឺដើម្បីផ្សព្វផ្សាយ និងត្រួតពិនិត្យកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីប្រកួតកីឡា SEA Games - ASEAN Para Games 2023 ព្រមទាំងស្វែងយល់បញ្ហាប្រឈមដើម្បីដាក់ចេញវិធានការរួមផងដែរ។
ក្នុងនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ សៅ សុខា បានឯកភាពទាំងស្រុងចំពោះផែនការដែលបានលើកឡើង។យោងតាមការគូសបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន, ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានពិនិត្យឡើងវិញនូវបញ្ហាប្រឈមដែលកើតឡើង និងដាក់ចេញវិធានការដោះស្រាយ ក្នុងនោះគ្រប់កងកម្លាំងទាំងអស់ដែលពាក់ព័ន្ធកិច្ចការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ត្រូវអាទិភាពដើម្បីការពារ រួមទាំងតម្រាយផ្លូវ កន្លែងស្នាក់នៅ ទីកន្លែងប្រកួត និងត្រៀមលក្ខណៈសម្បត្តិដើម្បីបង្ការហេតុការណ៍ដែលកើតឡើងដោយចៃដន្យ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បន្ដទៀតថា កិច្ចប្រជុំក៏បានពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់ ត្រៀមកម្លាំងអន្ដរាគមន៍ ការដាក់បន្ថែមកម្លាំងនូវគោលដៅដែលបារម្ភ។ អង្គប្រជុំបានឯកភាពគ្នា ចំពោះគោលការណ៍ទាំងអស់ដោយត្រូវពង្រឹងឲ្យបានជាដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ពិសេសរាជធានីភ្នំពេញ ត្រូវទប់ស្កាត់អំពើល្មើសផ្សេងៗ រួមទាំងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ចរាចរណ៍ ជៀសវាងការកកស្ទះ ធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៩ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ព្រះរាជពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការ ហើយនឹងបន្តរត់តាមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ទាំង ១០ប្រទេស មុនវិលត្រលប់មកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕