បរទេស៖អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សប្រមាណជា២០០,០០០នាក់ហើយ ដែលបាននាំគ្នាភៀសខ្លួនចេញពីស៊ូដង់ ដើម្បីរត់គេចពីការប្រយុទ្ធគ្នាដ៏ក្តៅគគុក ដែលបានផ្ទុះឡើងកាលពីពាក់កណ្តាល ខែមេសា ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។
មិនតែប៉ុណ្ណោះនៅមានមនុស្សរាប់សែននាក់ផ្សេងទៀត ដែលបានខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅក្នុងប្រទេសផ្ទាល់។
លោកស្រី (Olga Sarrado អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនរបស់ UN គឺ UNHCR បាននិយាយដូច្នេះថា «ស្របពេលដែលអំពើហិង្សានៅស៊ូដង់បន្តដល់សប្តាហ៍ទី៤ ជនភៀសខ្លួនកើនដល់ចំនួនប្រហែល២០០,០០០នាក់ ត្រូវបានបង្ខំឱ្យរត់ចាកចេញពីប្រទេសនេះ ហើយជារៀងរាល់ថ្ងៃ នៅមានប្រជាជនស៊ូដង់បន្តបន្ទាប់ទៀត ដែលធ្វើដំណើរឆ្លងព្រំដែនដើម្បីស្វែងរកកន្លែងសុវត្ថិភាព»។
គួរបញ្ជាក់ថា យោងតាមការឱ្យដឹងក្នុងសប្តាហ៍នេះ របស់ UNHCR ប្រជាជនជាង៧០០,០០០នាក់ផ្សេងទៀត ក៏បានព្រាត់ប្រាសពីផ្ទះសម្បែងនៅក្នុងស៊ូដង់ផ្ទាល់ផងដែរ ដោយសារតែការប្រយុទ្ធគ្នាដណ្តើមអំណាចរវាងកងទ័ពស៊ូដង់ ហើយនិងកងកម្លាំងទាហានប៉ារ៉ា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមេសា និងបានបន្តផ្តាច់ជីវិតមនុស្សកើនដល់ជាង ៧៥០នាក់ និងបង្កឱ្យរបួសយ៉ាងហោច ៥,០០០នាក់៕