អង្គការសហប្រជាជាតិ ៖ ឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ាកាន់តែញឹកញាប់ និងគួរឱ្យខ្លាច
ហ្សឺណែវ៖ ឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយរបបយោធាមីយ៉ាន់ម៉ា រួមទាំងការទម្លាក់គ្រាប់បែកលើជនស៊ីវិល បានក្លាយទៅជាសកម្មភាពកាន់តែញឹកញាប់ និងគួរឱ្យខ្លាច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី០៩ មិថុនា ២០២៣។
របាយការណ៍នៃយន្តការស៊ើបអង្កេតឯករាជ្យនៅមីយ៉ាន់ម៉ា (IIMM) ក្នុងរយៈពេលពីខែកក្កដា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ បានរកឃើញថា មានភស្តុតាងដ៏រឹងមាំដែលថា របបយោធាមីយ៉ាន់ម៉ា និងកងជីវពលដែលពាក់ព័ន្ធរបស់ខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ហើយកើនឡើងជាញឹកញាប់ និងគួរឱ្យខ្លាច។
ប្រធានដឹកនាំយន្តការស៊ើបអង្កេតឯករាជ្យនៅមីយ៉ាន់ម៉ា (IIMM) លោក Nicholas Koumjian បាននិយាយថា ភស្តុតាងរបស់យើងបានចង្អុលបង្ហាញពីការកើនឡើងឧក្រិដ្ឋកម្មសង្រ្គាមយ៉ាងខ្លាំង និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធ ប្រឆាំងនឹងជនស៊ីវិល ហើយយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាប់ខ្លួនជនល្មើសម្នាក់ៗឱ្យទទួលខុសត្រូវ។
ជាមួយគ្នានេះ អ្នកនាំពាក្យរបបយោធាមិនអាចទាក់ទងសុំការអត្ថាធិប្បាយលើការរកឃើញដោយក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបានទេ។ ប៉ុន្តែកន្លងមក រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានច្រានចោលការចោទប្រកាន់ទាំងនេះ និងថា ខ្លួនកំពុងអនុវត្តយុទ្ធនាការស្របច្បាប់ប្រឆាំងនឹងពួកភេរវករ៕