ហ្សឺណែវ ៖ ប្រជាជនប៉ាឡេស្ទីនប្រហែល ២.៦១លាននាក់បានធ្លាក់ចូលទៅក្នុងខ្សែបន្ទាត់នៃភាពក្រីក្រនៅឆ្នាំ២០២៤នេះ នាំឱ្យចំនួនសរុបកើនឡើងដល់ ៤.១លាននាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ តុលា ២០២៤។

យោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ (UNDP) ដែលចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា អត្រានៃភាពក្រីក្រនៅទូទាំងទឹកដីប៉ាឡេស្ទីន នឹងកើនឡើងទ្វេដងនៅឆ្នាំនេះ ដល់ទៅ ៧៤.៣ភាគរយ បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែនៅក្នុងតំបន់ហ្គាហ្សា។

ប្រធាន UNDP លោក Achim Steiner និយាយថា ផលវិបាកភ្លាមៗនៃសង្រ្គាម មិនត្រឹមតែបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទងនឹងភាពក្រីក្រ និងជីវភាពរស់នៅផងដែរ ដូច្នេះបញ្ហានេះ គឺធំធេងណាស់។

បើតាមប្រធាន UNDP ដើម្បីដោះស្រាយបញ្ហាដ៏ធ្ងន់ធ្ងរនេះ ការស្តារឡើងវិញទាមទារការគាំទ្រការកសាងមូលធន ដែលត្រូវបានបំផ្លាញ និងការដក ចេញនូវលក្ខខណ្ឌសេដ្ឋកិច្ច ដែលជារបាំងរារាំងការរីកចម្រើន។

របាយការណ៍នេះបានប៉ាន់ប្រមាណថា នៅឆ្នាំនេះភាពអត់ការងារធ្វើនៅក្នុងទឹកដីប៉ាឡេស្ទីន អាចកើនឡើងដល់ ៤៩.៩ភាគរយ ហើយផលិតផលក្នុងស្រុកសរុប នឹងទាបជាង ៣៥.១ភាគរយ បើគ្មានសង្គ្រាមនៅហ្គាហ្សា។ អត្រានៃភាពក្រីក្រមាន ៣៨.៨ភាគរយគិតត្រឹមចុងឆ្នាំ២០២៣៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ