សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយផ្ទាំងប៉ាណូតាមទីសាធារណៈ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យពិនិត្យឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ។ ការណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
ការណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីឃើញមានសោកនាដកម្មដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ ហាក់កើនឡើងគួរឲ្យព្រួយបារម្ភ ដែលក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន តែងតែបង្កដោយអ្នកបើកស្ថានក្រោមឥទ្ធិពលនៃគ្រោះស្រវឹង ហើយនៅពេលមានគ្រោះថ្នាក់ម្ដងៗ តែងតែមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង»។
ក្នុងកិច្ចប្រជុំនេះ សម្ដេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផងដែរ៕
គួរជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីគ្រឿងស្រវឹង មួយរយៈពេលចុងក្រោយនេះ បានបង្ហាញអំពីសញ្ញាណមួយដ៏គួរឲ្យព្រួយបារម្ភ ដែលភាគច្រើនបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ ជាក់ស្ដែង កីឡាករវាយស៉ីជម្រើសជាតិម្នាក់ ត្រូវរថយន្ដទំនើបមួយគ្រឿងបើកបុកស្លាប់ភ្លាមៗនៅខណ្ឌទួលគោក។