សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កងកម្លាំងប្រដាប់អាវុធណា ពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំប៉ះពាក់គ្រឿងញៀន ក្នុងករណីរកឃើញ នូវការប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អស្អាតស្អំ គ្មានពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។
សម្ដេច មានប្រសាសន៍ថា «ចឹងចេញគោលការណ៍ បទបញ្ជារបស់ ក្រសួងមហាផ្ទៃ ក្រសួងការពារ កងកម្លាំងប្រដាប់អាវុធទាំងអស់ អគ្គស្នងការនគរបាលជាតិ មន្ដ្រីដែលមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿង បណ្ដេញចេញពីក្របខណ្ឌ»។
សម្ដេច បន្ដថា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសរួចហើយថា មន្ត្រីនគរបាលណា ដែលធ្វើតេស្តរកឃើញគ្រឿងញៀន គឺត្រូវតែបណ្តេញចេញពីក្របខណ្ឌ។ ដោយឡែកសម្រាប់ក្នុងក្របខណ្ឌកងទ័ព ក៏មានការអនុវត្តបណ្តេញទាហានណា ដែលរកឃើញសារធាតុផងដែរ៕