ឧបនាយករដ្ឋមន្ដ្រី ស សុខា លើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស
កណ្ដាល ៖ លោកឧនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិតក្រោយពីអនុវត្តទោស។
ការលើកឡើងរបស់ លោកឧនាយករដ្ឋមន្រ្តី ស សុខា នាឱកាសអញ្ជើញចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ។
ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ លោករដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាល។
លោកឧបនាយករដ្ឋមន្រ្តី បានពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំនៅអគារអ្នកទោសស្រ្តី អគារអ្នកទោសហាត់កីឡា អគារអ្នកទោសទូទៅ រោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យនិងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួនលោក ខៀវ សំផន។
លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិតក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតជាប្រជាពលរដ្ឋល្អក្នុងគ្រួសារ និងសង្គមជាតិ៕