ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រកាសថា បើកងកម្លាំងរូបណា បង្កគ្រោះថ្នាក់បុកគេស្លាប់ហើយ រត់គេចមិនមកសារភាព គឺមិនទុកក្របខ័ណ្ឌឡើយ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងប្រកាសថា បើកងកម្លាំងរូបណា បង្កគ្រោះថ្នាក់ចរណ៍បុកគេស្លាប់ហើយ រត់គេចមិនចូលមកសារភាពនោះ គឺមិនទុកក្របខ័ណ្ឌឡើយ។
នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើងនៅទីលានតេជោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍ថា «អ្នកបុក ជារឿងមួយ ប៉ុន្ដែបុករត់ ខ្ញុំ សូមប្រកាសថា បើខ្លួនជាមន្ដ្រីរាជការ ក្រោមឱវាទ បើអត់មកសារភាពទេ ក្របខ័ណ្ឌ ខ្ញុំគិតថា មិនគួរទុកទេ»។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ ត្រូវតែផ្តល់នូវភាពគំរូសម្រាប់ឲ្យគេរៀនសូត្រតាម។ លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កឱ្យមានពិការភាព ការបាត់បង់អាយុជីវិត បានក្លាយជាជំងឺរ៉ាំរ៉ៃបន្ថែមលើបន្ទុកដ៏លំបាកជាច្រើនដល់សង្គមជាតិ។
សូមរំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងសរុប ចំនួន ១ ៥៤៨លើក ក្នុងនោះគ្រោះថ្នាក់នៅពេលយប់ ៥៤% បណ្តាលឱ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួសស្រាល ២ ០៧២នាក់ ក្នុងនោះរបួសធ្ងន់ធ្ងរ ១ ៣៣២នាក់៕