ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ ការធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ជាទិសដៅអទិភាពស្របទៅនឹងការវិវត្ត នៃស្ថានការណ៍
សៀមរាប ៖ លោកឧបនាយករដ្ឋមន្ត្រី សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ជាទិសដៅអទិភាពស្របទៅនឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យវឌ្ឍនភាព ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ ដល់សិស្សនគរបាលជ័យលាភីចំនួន១៩២នាក់ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និង ផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាតិជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយបានផ្ដោតសំខាន់ទៅលើ ការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍ សន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។
ឧបនាយករដ្ឋមន្ត្រី ស សុខា បន្តថា ក្នុងយុគសម័យតេជោសន្តិភាព ដែលប្រទេសជាតិកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីបំពេញបានតាមតម្រូវការនៃការបណ្តុះបណ្តាល ប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមកម្មវិធីនាយោបាយ និងយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕