បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកបង្ហាញថា ជារៀងរាល់ឆ្នាំស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែជាបញ្ហាប្រឈមចម្បង ក្នុងចំណោមគ្រោះថ្នាក់សង្គមនានា ដែលត្រូវទាមទារឱ្យអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។

ការថ្លែងនេះនៅក្នុងឱកាសដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត មន្ទីរ ស្ថាប័ននានា ក្រុមយុវជន និងប្រជាពលរដ្ឋជាច្រើនទៀត ។


លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់លើកទឹកចិត្តបន្ថែមទៀតឱ្យគណៈកម្មាការធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីក្រើនរម្លឹកពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ និងមានការទទួលខុសត្រូវ ក្នុងការប្រើប្រាស់ផ្លូវ ឱ្យមានសីលធម៌ យោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមកពេលធ្វើដំណើរនៅលើដងផ្លូវ សំដៅនាំមកនូវសុវត្ថិភាព សេចក្តីរីករាយជួបជុំគ្រួសារ ក្នុងសង្គមជាតិកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ និងកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចល្អ ជាពិសេសមានផ្លូវ ស្ពានតភ្ជាប់គ្រប់តំបន់ ដែលភ្ជាប់នឹងប្រទេសជិតខាង ធ្វើឱ្យជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរជាលំដាប់ និងមានលទ្ធភាពទិញយានជំនិះ ក្នុងការធ្វើដំណើរ កម្សាន្ត ឬទំនាក់ទំនងពាណិជ្ជកម្មកាន់តែមមាញឹក ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលបំណងនៃទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងប្រទេសកម្ពុជា ឱ្យយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ ។ ឆ្នាំនេះគឺជាឆ្នាំទី១៥ ដែលប្រទេសកម្ពុជា រួមជាមួយប្រទេសនានា បានប្រារព្ធពិធីដ៏មានសារៈសំខាន់នេះឡើង ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញសេចក្តីសម្រេចជាផ្លូវការ ក្នុងការប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់ការយល់ដឹង ដល់ប្រជាពលរដ្ឋពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កអន្តរាយដល់អាយុជីវិត ការបាត់បង់កាយសម្បទា និងការខូចខាតទ្រព្យសម្បត្តិសាធារណៈជាច្រើន ព្រមទាំងបំផុសស្មារតីបង្កើននូវការប្រុងប្រយ័ត្ន និងការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពិធីនេះ គឺជាសកម្មភាពមួយនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការសម្តែងនូវឆន្ទៈក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវផែនការសកម្មភាពទស្សវត្សចរាចរណ៍ផ្លូវគោក ២០២១ - ២០៣០ របស់អង្កការសហប្រជាជាតិ ឱ្យទទួលបានជោគជ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ