ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលដល់ការដោះស្រាយជីវភាពប្រចាំថ្ងៃឲ្យកាន់តែប្រសើរ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ នេះរដ្ឋាភិបាល បានបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចំនួន ៣៤ លើក ដែលមានទឹកប្រាក់ចំនួន ៤០១២១៣០០៦៧០០០ រៀល (បួនពាន់មួយរយពីរប៊ីលានមួយរយសាមសិបលានហុកសិបប្រាំពីរពាន់រៀលគត់) ឬស្មើនឹងប្រមាណ ១០២៥,៥៣ លានដុល្លារអាមេរិក ដោយមានប្រជាពលរដ្ឋចំនួន ៧០៤៩៨០ គ្រួសារ ដែលមានសមាជិកចំនួន ២៧៨៣០២៤ នាក់។

ក្នុងនោះប្រជាពលរដ្ឋក្រីក្រកម្រិត ១ មានចំនួន ២៦៧៣៦៥ គ្រួសារ ក្រីក្រកម្រិត ២ មានចំនួន ៤៣៧៦១៥ គ្រួសារ កុមារអាយុចាប់ពី ០ ដល់ ៥ ឆ្នាំ មានចំនួន ១០៩៩៨០ នាក់ មនុស្សចាស់អាយុ ៦០ ឆ្នាំ មានចំនួន ៣៨៦៥៧០ នាក់ ជនមានពិការភាពចំនួន ៦០៦៣៦ នាក់ និងគ្រួសារមានអ្នកជំងឺអេដស៍ចំនួន២០៣៦នាក់។


ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ច បានជូនដំណឹងពីការបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី ១៣ លើកទី ១ ចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។

ក្រសួងសង្គមកិច្ច បានណែនាំដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ពេលទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីង តម្រូវឲ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសបណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។ ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ