កូរ៉េខាងជើង៖ យោធាកូរ៉េខាងត្បូង បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែមិថុនា ពោលគឺតិចជាងមួយម៉ោងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានពីការឆ្លើយតបជៀសមិនរួចចំពោះសមយុទ្ធយោធាដែលធ្វើឡើងដោយកូរ៉េខាងត្បូង និង ទាហានអាម៉េរិក។
សកម្មភាពចុងក្រោយរបស់កូរ៉េខាងជើងបានកើតឡើងនៅពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក Joe Biden គឺលោក Jake Sullivanនៅទីក្រុងតូក្យូសម្រាប់កិច្ចប្រជុំជាមួយសមភាគីជប៉ុន និងកូរ៉េខាងត្បូង។ នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក (Cho Tae-yong) និងទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសជប៉ុន លោក (Takeo Akiba) កាលពីថ្ងៃព្រហស្បតិ៍ អ្នកទាំងបីបានពិភាក្សាគ្នាអំពីកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង ហើយបានបញ្ជាក់ថា ពួកគេនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីធ្វើឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមិថុនាកន្លងទៅ សហរដ្ឋអាម៉េរិកបានកំណត់គោលដៅលើការអភិវឌ្ឍមីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងការដាក់ទណ្ឌកម្មថ្មី ដោយបានចេញនូវវិធានការដាក់ទណ្ឌកម្ម។ ក្រសួងរតនាគារសហរដ្ឋអាម៉េរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ថា ខ្លួនបានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ២ នាក់ដែលខ្លួនបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងការទិញឧបករណ៍ និងសម្ភារៈដែលគាំទ្រកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសឯកោមួយនេះ៕