ក្រសួងសុខាភិបាល ៖ ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង ឲ្យមានការថែទាំព្យាបាលបានទាន់ពេលវេលា
ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានឲ្យដឹងថា ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង ឲ្យមានការថែទាំព្យាបាលបានទាន់ពេលវេលា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ហើយពពួកអូមីក្រុងបំប្លែងខ្លួនថ្មីៗ ក៏កំពុងតែចរាចរនៅលើសាកលលោក និងនៅក្នុងតំបន់ផងដែរ។
ទន្ទឹមគ្នានេះ នាឱកាសសែនដូន និងចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ លោកស្រី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ «៣ការពារ និង ៣កុំ» និងបន្តទៅទទួលយកការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញ (ដួសទី៣ ដូសទី៤ ដួសទី៥ ដួសទី៦ និងដួសជំរុញបន្តបន្ទាប់) នៅពេលដល់វេន ឲ្យបានត្រឹមត្រូវតាមពេលវេលា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ដើម្បីជួយដល់ការថែទាំសុខភាព និងព្យាបាលបានទាន់ពេលវេលា ព្រមទាំងការពារផលប៉ះពាល់សុខភាពធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប្រសិនបើលោកអ្នកមានរោគសញ្ញាសង្ស័យ សូមកុំភ្លេចប្រញាប់ធ្វើតេស្ដរហ័ស ដោយខ្លួនឯង ដើម្បីពិនិត្យរកវត្តមានវីរុសកូវីដ-១៩ ឲ្យបានលឿន។
លោកស្រីបន្ដថា ក្នុងករណីដែលរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ សូមនៅដាច់ដោយឡែកចៀសវាងការចម្លងបន្តទៅក្រុមគ្រួសារ ឬទៅអ្នកដទៃ ហើយធ្វើការថែទាំ និងព្យាបាលខ្លួន ឲ្យបានឆាប់រហ័ស ដើម្បីចូលរួមចំណែកកាត់បន្ថយបានជាអតិប្បរិមានូវការចម្លងបន្ត និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយភាពធ្ងន់ធ្ងរ ព្រមទាំងអាចសន្សំសំចៃថវិកាពីការចំណាយលើការថែទាំព្យាបាលជំងឺធ្ងន់ផងដែរ៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ