អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រកាសពីការចាកចេញពីមុខ តំណែងនៃរដ្ឋមន្ត្រីការពារជាតិ Oleksiy Reznikov ជាមួយការអំពាវនាវឱ្យមានយុទ្ធសាស្ត្រថ្មី នៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីអស់រយៈពេលជាងមួយឆ្នាំកន្លះមកនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមលោក ហ្សេលេនស្គី លោក Rustem Umerov ជាប្រធានមូលនិធិទ្រព្យសម្បត្តិរដ្ឋ ត្រូវបានតែងតាំងឱ្យកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក រ៉េសនីកូវ ប៉ុន្តែការតែងតាំងនេះនៅត្រូវការការអនុម័តយល់ព្រមពីសភាអ៊ុយក្រែន ជាមុនសិន។
គួរបញ្ជាក់ថា លោក រ៉េសនីកូវ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែ ក្នុងពេលជាមួយគ្នាក្រសួងការពារជាតិដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់លោក ត្រូវបានហ៊ុមព័ទ្ធដោយរឿងអាស្រូវពុករលួយ៕