ប្រធានាធិបតីថ្មីរបស់អាហ្សង់ទីន លោក Javier Milei គិតថាការទទួលយកប្រាក់ដុល្លារអាមេរិក ជំនួសប្រាក់ប៉េសូ អាចជួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន
អាហ្សង់ទីន៖អ្នកនយោបាយស្ដាំនិយម លោក Javier Milei បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសអាហ្សង់ទីន នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ខណៈគូប្រជែងរបស់លោកក៏បានទទួលស្គាល់បរាជ័យផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Javier Milei ត្រូវបានគេរំពឹងថានឹងស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី១០ ខែធ្នូ រីឯលោក Sergio Massa នឹងបន្តកាន់ តំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ច ក្នុងរយៈពេល៣សប្ដាហ៍ ហើយជ័យជំនះរបស់លោក Javier Milei ក៏នឹងអាចសន្និដ្ឋានបានថា ប្រទេសនេះអាចបោះបង់ចោលប្រាក់ប៉េសូ រួចបន្តឈោងទៅរកការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងប្រទេសវិញ។
មុនការបោះឆ្នោតកើតឡើង លោកJavier Mileiបានបង្ហញបំណងប្រាថ្នារបស់គាត់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីនទទួលបានប្រាក់ដុល្លារសម្រាប់ប្រើប្រាស់ និងចាយវាយក្នុងចរន្តសេដ្ឋកិច្ច ។ លោកបានអះអាងថា ការផ្លាស់ប្តូរនេះនឹងជួយទប់ទល់អតិផរណាដែលកំពុងរត់គេចខ្លួនដែលបានឡើងដល់១៤៣ % នៅក្នុងខែតុលា បន្ទាប់ពីការធ្លាក់ចុះនៃប្រាក់ប៉េសូដែលបានលុបចោល៩៩% នៃតម្លៃរបស់វាធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ។
សូមបញ្ជាក់ថា រូបិយប័ណ្ណប៉េសូ បានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០០៨ ដោយសារតែហេតុផលផ្សេងៗរួមទាំងអតិផរណាខ្ពស់ បំណុល និងអស្ថិរភាពនយោបាយ។ទោះជាយ៉ាងណាក៏ដោយ ការជំនួសប្រាក់ប៉េសូជាមួយប្រាក់ដុល្លារនឹងកាត់បន្ថយស្វ័យភាពមួយចំនួនរបស់ប្រទេសអាហ្សង់ទីនក្នុងគោលនយោបាយរូបិយវត្ថុ៕