កូរ៉េ មានបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង
ភ្នំពេញ ៖ លោកបណ្ឌិត Heo Jang ប្រធានគម្រោង ចុះមកសិក្សា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅកម្ពុជា បានលើកឡើងថា សមាគមធនធានកសិឧស្សាហកម្មកូរ៉េ នៅក្រៅប្រទេសរបស់កូរ៉េ មានគោលបំណងចុះមកសិក្សា និងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង (ODA) ។
នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute) និងតំណាងសមាគមធនធាន កសិឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang ប្រធានគម្រោង ចុះមកសិក្សា ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពី លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋាន គោលនយោបាយពាណិជ្ជកម្ម ។
ក្នុងជំនួបនោះ លោករដ្ឋលេខាធិការ បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ នៅក្រៅប្រទេស (AOAA) ដែលមានបំណងក្នុងការចូលរួម លើកស្ទួយវិស័យស្វាយចន្ទីនៅកម្ពុជា ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានជម្រាបជាសង្ខេបអំពីខ្លឹមសារនៃ គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលទើបទទួលបានការអនុម័ត ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីចុងឆ្នាំ២០២២ កន្លងទៅ។
ក្នុងឱកាសនោះ លោកបណ្ឌិត ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang ប្រធានគម្រោង បានជម្រាបអំពីបំណងក្នុងការចូលរួម លើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថា «កន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាន នាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ ហេតុដូចនេះ សមាគមធនធានកសិឧស្សាហកម្មកូរ៉េ នៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណង ក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជា ក្នុងការនាំចេញទៅទីផ្សារពិភពលោក»៕EB