ប្រធានសមាគម គ្រឹះស្ថាន ឧត្តមសិក្សា គ្រោងស្នើទៅក្រសួងអប់រំអោយសិស្សបាក់ឌុបជាប់ដោយស្វ័យប្រវត្តិទាំងអស់ក្រោមមូលហេតុនៃការពន្យារពេលប្រឡងជាបន្តបន្ទាប់
ភ្នំពេញ៖ ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលការប្រឡងបាក់ឌុបនោះមក សមាគម គ្រឹះស្ថាន ឧត្ដមសិក្សា បានស្នើទៅក្រសួង (អប់រំ យុវជន និង កីឡា) សុំឲ្យបេក្ខជន ប្រឡងបាក់ឌុប ជាប់ដោយ ស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមថ្នាក់ទី១២ ដើម្បីកំណត់ជាប់ ឬធ្លាក់ ដោយមិនចាំបាច់ ប្រឡង ដោយសារការភ័យខ្លាចអំពីការរាតត្បាត នៃវីរុសកូវីដ-១៩។
លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានថ្លែង នៅព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ថា «ខ្ញុំ បានស្នើសុំឲ្យក្រសួងអប់រំ រក្សាការប្រឡងបាក់ឌុប នៅថ្ងៃទី២១ និង២២ធ្នូ ដដែល។ ប៉ុន្តែក្នុងករណី ប្រឡង មិនបានធ្វើឡើង តាមកាលបរិច្ឆេទនោះ ទេ ដោយស្នើសុំឲ្យជាប់ ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យម នៃថ្នាក់ទី១២ ដើម្បីកំណត់ជាប់ ឬធ្លាក់តែម្តង»។
ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានបន្ថែមថា ការស្នើសុំឲ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យម នៃថ្នាក់ទី១២នេះ ក៏ដោយសារតែសមាគម គិតអំពីអារម្មណ៍របស់សិស្ស ដែលពន្យារពេល រហូតតាំងពីខែកញ្ញា ហើយបន្ដពន្យារ រហូតមកដល់ខែ ធ្នូ និងបន្ដ ពន្យារពេល រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០២១បន្ថែមទៀត។ ចុះបើដល់ពាក់កណ្តាលខែមករា មិនអាចប្រឡងបានទៀត តើក្រសួងនឹង ត្រូវបន្តពន្យារពេលបន្ដទៀត ឬមួយទុកឲ្យសិស្សឌុបថ្នាក់ និយាយសុំបញ្ជាក់ឲ្យច្បាស់មក យ៉ាងដូចម្ដេចបានជាមិនព្រមយកមធ្យម ភាគ នៃថ្នាក់ទី១២ មកវាយតម្លៃទៅ? បើបច្ចុប្បន្ន ស្ថានភាព កូវីដ-១៩កំពុងតែរាតត្បាតបែបនេះ ទៅរកគុណភាពសិក្សាម្ដេចនឹងកើត?
ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្តមសិក្សា នឹងចេញលិខិតជាផ្លូវការរបស់ខ្លួន ស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំឲ្យ បេក្ខជនថ្នាក់ទី១២ ជាប់ ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមថ្នាក់១២ ដើម្បីកំណត់ជាប់ ឬធ្លាក់នាពេលឆាប់ៗនេះ។ បច្ចុប្បន្ន ជំងឺកូវីដ-១៩នេះ បានធ្វើឲ្យគ្រឹះស្ថានឯកជន មានការ លំបាកយ៉ាងខ្លាំង ព្រោះ ជិត ១ឆ្នាំមកហើយ សាលាត្រូវការវាយតម្លៃ អំពីការចំណាយទៅលើបុគ្គលិក និងការចំណាយ ផ្សេងៗទៀត ។
សូមជម្រាបថា ការប្រឡងបាក់ឌុប នៅឆ្នាំនេះ មានបេក្ខជនដាក់ពាក្យប្រឡង ចំនួន ១២១ ២០១នាក់ ក្នុងនោះ មានបេក្ខនារី ចំនួន ៦៣ ៩៣៧នាក់ និងបុរសចំនួន ៥៧ ២៦៤នាក់។ ក្នុងចំណោមបេក្ខជនទាំងនោះ មាន បេក្ខជន ចំណេះទូទៅ ចំនួន ១០ ២៣៧នាក់ (ស្រី៥៥៣៧៥នាក់) បេក្ខជន ស្វៃរិន ចំនួន១៣ ៩៩១ នាក់ (ស្រី ៧០៥៧នាក់) បេក្ខជនបំពេញវិជ្ជា ចំនួន៣ ២៦០នាក់ (ស្រី១ ០៧៧នាក់) និង បេក្ខជន ស្វៃរិន បំពេញ វិជ្ជា ចំនួន ១ ៩១៣ (ស្រី៤២៨នាក់)។ ក្នុងចំណោមបេក្ខជន ១២១ ២០១នាក់ មានបេក្ខជនប្រឡង ថ្នាក់វិទ្យាសាស្ត្រ ចំនួន ៤០ ៧៦៥ នាក់ (ស្រី ២៣ ៦៣៦នាក់ និងបុរស១៧ ១២៩នាក់)។ ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គមវិញ មានបេក្ខជន ចំនួន ៨០ ៤៣៦នាក់ (ស្រី៤០ ៣០១នាក់ និង បុរស ៤០ ១៣ ៥ នាក់)៕