សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានលុបចោលការហាមឃាត់ពាណិជ្ជកម្មផ្នែកការពារជាតិទៅលើប្រទេសកម្ពុជា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បាន ត្រួតពិនិត្យលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងប្រទេសជិតខាងគឺប្រទេសថៃ កាលពីសប្តាហ៍មុន។
លោក ចូ បៃដិន ដែលជាប្រធានាធិបតីមុនលោក ត្រាំ បានដាក់បំរាមលើការនាំចេញអាវុធមកកាន់កម្ពុជានៅឆ្នាំ ២០២១។
យោងតាមសេចក្តីជូនដំណឹងមួយនៅក្នុងបញ្ជីសហព័ន្ធ លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានលុបចោលការរឹតបន្តឹងដោយផ្អែកលើ «ការព្យាយាមស្វែងរកសន្តិភាពនិងសន្តិសុខរបស់កម្ពុជា រួមទាំងតាមរយៈការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន»។
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនេះ កើតឡើងបន្ទាប់ពីលោក ភីត ហេកសេត (Pete Hegseth) រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងក្រោយជួបជាមួយ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រថា លោក បាន «យល់ព្រមចាប់ផ្តើមឡើងវិញនូវសមយុទ្ធយោធាទ្វេភាគីដ៏សំខាន់របស់យើងជាមួយកម្ពុជា»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានពង្រឹងជាមួយប្រទេសថៃកាលពីដើមសប្តាហ៍នោះថា សម្ដេច បានស្នើឈ្មោះ លោក ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព សម្រាប់ការចូលរួមរបស់លោកក្នុងការបញ្ចប់ការប្រយុទ្ធគ្នា តាមព្រំដែនដែលបានផ្ទុះឡើងកាលពីខែចុងខែកក្កដា៕

