ភ្នំពេញ ៖ យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ ពូជស្រូវស្រាលមិនប្រកាន់ រដូវប្រមាណ ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ ត្រូវបានចែកជូនប្រជាកសិករ ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកទៅវិញ។

ក្នុងឱកាសចុះពិនិត្យ វឌ្ឍនភាព នៃការងារបង្កបង្កើនផលការ ស្តារស្រូវឡើងវិញ និងជួបសំណេះសំណាល ជាមួយ បងប្អូន កសិករ ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ឈរលើស្មារតី និងឆន្ទៈដ៏មុតមាំនេះហើយ ទើបរាល់ពេលពលរដ្ឋមានទុក្ខ តែងមានវត្តមានរបស់សម្តេច ហើយវិធានការជាដំណោះស្រាយត្រូវបានដាក់ចេញបន្ទាន់បន្តបន្ទាប់ ដើម្បីជួយប្រជាពលរដ្ឋ។

ក្នុងឱកាសចុះពិនិត្យការបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ ក្រោមជាតិ និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ឱ្យមែនទែន លើការបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថាត្រូវតែចុះពិនិត្យមើលឱ្យដល់វាលស្រែហើយដាក់ចេញវិធានការដោះស្រាយលើបញ្ហាប្រឈមទាំងឡាយ។

របាយការណ៍បានបង្ហាញថា ការងារធ្វើស្រែឡើងវិញ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលប្រមាណជាង៥០%ភាគរយ, ខេត្តកំពង់ធំសម្រេចបានប្រមាណ ៨៥ភាគរយ និងខេត្តពោធិ៍សាត់ សម្រេចបានជាង ៣៤ភាគរយ។ ខេត្តបាត់ដំបង ធ្វើស្រែបាន ៥,៨៣១ហិកតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០,៥០០ហិចតា, ខេត្តបន្ទាយមានជ័យ បាន ៥,១១៣ ហិកតាលើផ្ទៃដីអាចស្តារឡើងវិញ ចំនួន ១១,១៦៩ហិកតា, ខេត្តកំពង់ធំ ផ្ទៃដីដាំដុះឡើងវិញ បាន ៦,៣៩២ ហិកតា នៅសល់ ១,១៦៦ហិកតា និងខេត្តពោធិ៍សាត់ ដាំដុះឡើងវិញ បាន ១,១៧៦ហិកតា លើផ្ទៃដីដាំដុះឡើងវិញ ១៧,៨០៤ហិកតា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ