ប្រមុខការទូតកម្ពុជា ៖ ការដោះមីនមនុស្សធម៌ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ និងត្រូវធ្វើឡើងនៅតំបន់ព្រំដែនអាទិភាព
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សាជាថ្មីថា ការដោះមីនមនុស្សធម៌ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ និងត្រូវធ្វើឡើងនៅតំបន់ព្រំដែនអាទិភាពដែលមានការឯកភាពដោយភាគីទាំងពីរ ស្របតាមនិយាមប្រតិបត្តិ (SOP)។
ការបញ្ជាក់សាជាថ្មីរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាឱកាសអញ្ជើញដឹកនាំការធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយផ្តោត ជាពិសេសលើការបន្តគោរពបទឈប់បាញ់របស់កម្ពុជា ការប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ និងការបោសសំអាតមីនមនុស្សធម៌នៅតំបន់ព្រំដែន។ បទបង្ហាញនេះមានការចូលរួមពីសមាជិកអង្គទូតបរទេសចំនួន ៣៩ រូប ដែលមាននិវេសនដ្ឋាននៅរាជធានីភ្នំពេញ នាថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់សាជាថ្មី អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការគោរពបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ និងគោរព (១)សេចក្តីថ្លែងការណ៍រួម របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី នៅទីក្រុងកូឡាឡំាពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង(២) លទ្ធផលនៃកិច្ចប្រជុំនានារបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំនានារបស់គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីផងដែរថា «ការដោះមីនមនុស្សធម៌ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ និងត្រូវធ្វើឡើងនៅតំបន់ព្រំដែនអាទិភាពដែលមានការឯកភាពដោយភាគីទាំងពីរ ស្របតាមនិយាមប្រតិបត្តិ (SOP) ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៥»៕



