លោកស្រីមិថុនា ភូថង ៖ពលករខ្មែរ២១នាក់ឆ្លងដែនមកពីថៃតាមច្រកខេត្តកោះកុងអវិជ្ជមានកូវីដ-១៩ទាំងអស់
ពលករខ្មែរចំនួន២១នាក់ដែលបានធ្វើដំណើរមកពីប្រទេសថៃតាមច្រកព្រំដែនខេត្តកោះកុង ត្រូវបានអនុញ្ញាតវិលត្រឡប់ទៅស្រុកកំណើតហើយ បន្ទាប់ពីបានធ្វើចត្តាឡីស័កតាមការកំណត់ និងទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកោះកុងនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៧ខែមករាឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា ការអនុញ្ញាតឲ្យពលករខ្មែរទាំង២១នាក់នេះត្រឡប់ទៅស្រុកកំណើតវិញ ធ្វើឡើងក្រោមវត្តមានរបស់លោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង នៅសាលាខេត្តកោះកុងចាស់។
ជាមួយគ្នា លោកស្រីអភិបាលខេត្តបានផ្តាំផ្ញើដល់ពលករខ្មែរទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងស្តាប់តាមការណែរបស់មន្ត្រី ដែលគ្រប់គ្រងមណ្ឌលចត្តាឡីស័កឲ្យបានខ្ជាប់ខ្ជួននិងសហការក្នុងការធ្វើចត្តាឡីស័កឲ្យបានគ្រប់១៤ថ្ងៃ។ ពិសេសគឺត្រូវចូលរួមជាមួយក្រុមការងារ ដើម្បីយកសំណាកមកធ្វើការវិភាគនៅរាជធានីភ្នំពេញ។
លើសពីនេះ លោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានអំពាវនាវដល់អ្នករត់តាក់ស៊ីនិងអ្នកដំណើរមកពីប្រទេសថៃទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការពារការរីករាលដាលឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ និងចូលរួមធ្វើជាភ្នាក់ងារផ្តល់ព័ត៌មាន ឬរាយការណ៍ក្នុងករណីជួបពលករ ឬអ្នកមកពីប្រទេសថៃ។
គួរជម្រាបថា សម្រាប់ពលករទាំង២១នាក់ដែលរដ្ឋបាលខេត្តកោះកុងទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅស្រុកកំណើតនេះដែរ ដោយសារពួកគេបានធ្វើតេស្តគ្រប់ចំនួន និងទទួលបានលទ្ធផលអវិជ្ជមាន តែយ៉ាងណារដ្ឋបាលខេត្តបានណែនាំឲ្យបន្តអនុវត្តតាមការណែរបស់មន្ត្រីជំនាញឲ្យបានហ្មត់ចត់បន្ថែមទៀត៕