ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងក្រសួងពាក់ព័ន្ធដទៃទៀតរៀបចំបង្កើតនូវទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតាមតំបន់ដែលស្ថិតក្បែររោងចក្រនៅទូទាំងប្រទេស។

សម្រាប់ សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា ការទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺផ្តល់សារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ជាពិសេស កម្មករ និយោជិត ក្នុងការថែទាំសុខភាពកូនៗរបស់ពួកគេ និងទទួលបានការបណ្តុះបណ្តាលថ្នាក់មត្តេយ្យដែលស្ថិតក្បែរផ្ទះរបស់ពួកគេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះនៅក្នងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”  និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” សណ្ឋាគារ សុខា នៅព្រឹកថ្ងៃអង្គារ នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចបានណែនាំបែបនេះដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះវានឹងផ្តល់នូវមូលដ្ឋានសុខភាពល្អ និងមូលដ្ឋាននៃការអប់រំដល់ក្មេងៗតាំងតូចទៅតែម្តង។

បើតាម សម្តេច នាយករដ្ឋមន្រ្តី បន្ដថា បញ្ហាសុខភាពនេះ ត្រូវគិតគូរតាំងពីដើមទីទៅ ពោល គឺតាំងពីមុនកើត និងក្រោយកើត ដើម្បីធានាថា កុមារកម្ពុជា មានសុខភាពល្អ។ សម្តេចធិបតី បានអះអាងថា នៅពេលមានទារកដ្ឋាន គឺទារកដ្ឋាននេះ នឹងរួមចំណែកយ៉ាងខ្លាំងទាំងលើបញ្ហាសុខភាព ក៏ដូចជា បញ្ហាហូបចុក ហើយពិសេសនេះ គឺទារកដ្ឋាន នឹងផ្តល់នូវអាហារូបត្ថម្ភផ្សេងៗទៀតដល់ទារកដែលទើបនឹងកើត។

ដោយឡែក សម្រាប់ការអប់រំវិញ សម្តេចធិបតី បានយល់ស្របនឹងការអះអាងរបស់លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលថា នៅពេលដែលកុមារបានឆ្លងកាត់មត្តេយ្យសិក្សាមុន គឺពួកគេនឹងឆាប់យល់ និងឆាប់ចាប់បាននៅពេលឈានចូលទៅសិក្សានៅកម្រិតផ្សេងៗទៀត។ នេះ គឺអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា មត្តេយ្យសហគមន៍នៅតាមតំបន់ដែលស្ថិតក្បែររោងចក្រ គឺជារឿងសំខាន់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ