ភ្នំពេញ ៖ រយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្នើនឹង ៣២.៧៤% នៃរថយន្តសរុប និងមានរថយន្តផ្ទុកលើសទម្ងន់ត្រូវបានពិន័យមានចំនួន ២ ៤៧០គ្រឿង។
នេះបើយោងតាមរបាយការណ៍នៃការអនុវត្តការងារនៅកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានធ្វើឡើងនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ក្រោមអធិបតីលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
នៅក្នុងកិច្ចប្រជុំនេះដែរ អង្គប្រជុំបានលើកឡើងពីការងារអនុវត្តបានក្នុងរយៈពេលបីត្រីមាសនេះ មានដូចជា ចុះផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ជាពិសេសចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ ឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូនដើម្បីបញ្ចៀសឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យខូចខាតផ្លូវថ្នល់ជាតិកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភ័ណភាពទីក្រុង។
បន្ថែមពីនេះគណៈកម្មាធិការបានដាក់ប្រើប្រាស់ជញ្ជីងឌីណាមិចចំនួន ៤ស្ថានីយបន្ថែម និងការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធការពាររន្ទះនៅគ្រប់ស្ថានីយ ដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយ៕EB