ភ្នំពេញ ៖ លោកស្រី អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីក្លាយជាកម្លាំងចលករ បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍសង្គមផងដែរ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្ដិភាព លោកស្រី អ៊ឹង កន្ថាផាវី បានឱ្យដឹងថា នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨៥៤២នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។


លោកស្រី បញ្ជាក់ថា «ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករ ដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់»។

លោកស្រី បន្ដថា នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។ទោះជាយ៉ាងណា លោកជំទាវបញ្ជាក់ថា៖ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយៈយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ